
ខេត្តត្បូងឃ្មុំ៖ ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការ និងជាប្រធានអង្គភាពត្រួតពិនិត្យគម្រោងនៃក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងាររបស់អង្គភាព សហការជាមួយមន្ត្រីបច្ចេកទេសនាយកដ្ឋានវិស្វកម្ម និងលោកអនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តត្បូងឃ្មុំ បានចុះពិនិត្យគម្រោងស្តារឡើងវិញទំនប់អាងទឹកកណ្តេរ ស្ថិតក្នុងឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
សូមជម្រាបថា ការងារសំខាន់ៗនៃគម្រោងស្តារឡើងវិញទំនប់អាងទឹកកណ្តេរ រួមមាន៖ ១)ជួសជុលដីទំនប់ និងក្រាលដីក្រួសក្រហមលើខ្នងទំនប់ប្រវែង ៧ ៤០០ម៉ែត្រ និង ២)សាងសំណង់បង្ហៀរចំនួន ១កន្លែង ប្រវែង ១០០ម៉ែត្រ។ បើគិតមកដល់ ពេល នេះវឌ្ឍនភាពការងារសម្រេចបានប្រមាណ ៩៥%។ ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ឱ្យដឹងថា ការស្តារឡើងវិញទំនប់អាងទឹកកណ្តេរ គឺដើម្បីបង្កើនបរិមាណស្តុកទឹកសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ និងការងារស្រោចស្រពដំណាំកសិកម្មរបស់បងប្អូនប្រជាពលរដ្ឋប្រមាណ ២៧៤គ្រួសារ ក្នុងភូមិចំនួន៣ នៃឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការបានផ្តាំផ្ញើដល់ក្រុមការងារអនុវត្តគម្រោងរបស់នាយកដ្ឋានវិស្វកម្ម ត្រូវបន្តយកចិត្តទុកដាក់លើគុណភាព សោភ័ណភាព ឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងបានណែនាំដល់មន្ទីរធនធានទឹក និងឧតុនិយមធ្វើការគ្រប់គ្រងសមិទ្ធផលនេះឱ្យមានសុវត្ថិភាព និងប្រើប្រាស់បានត្រឹមត្រូវយូរអង្វែង។ សូមបញ្ជាក់ថា ទំនប់អាងទឹកកណ្តេរបានទទួលប្រភពទឹកពីផ្ទៃរងទឹកភ្លៀងក្នុងតំបន់ និងពីទន្លេមេគង្គ មានសក្តានុពលស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលកសិកម្មស្រូវវស្សាចំនួន ៩ហិកតា ស្រូវប្រាំងលើកទី១ចំនួន ៧១៥ហិកតា ស្រូវប្រាំងលើកទី២ ចំនួន ៧១៥ហិកតា និងផ្ទៃដីដំណាំរួមផ្សំចំនួន ៦២៣ហិកតា៕
