ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត អាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីភាព កិច្ចប្រជុំផ្សព្វផ្សាយសារាចរលេខ០១ ស្ដីពីវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ នាព្រឹកថ្ងៃចន្ទ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តស្វាយរៀង ដោយមានការចូលរួមពីឯកឧត្តម សេង សិលា អភិបាលរងនៃគណៈអភិបាលខេត្តស្វាយរៀង តំណាងគណៈអភិបាល ក្រុងស្រុក មន្ទីរ អង្គភាពជុំវិញខេត្តជាច្រើននាក់។
ឯកឧត្តម សេង សិលា បានស្វាគមន៍និងវាយតម្លៃខ្ពស់ចំពោះការរៀបចំវេទិកាដ៏មានសារៈសំខាន់ ដើម្បីពង្រឹងការត្រួតពិនិត្យគុណភាពខ្យល់សាធារណៈ ដែលផ្តល់ប្រយោជន៍ដល់សុខភាព និងសោភ័ណភាពទីក្រុង ទីប្រជុំជន។
ឯកឧត្តមបានបន្ថែមថារដ្ឋបាលខេត្តស្វាយរៀង បាននិងកំពុងចូលរួមអនុវត្តយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ជាពិសេសការពង្រឹងសេវាប្រមូលសំរាម នៅតាមទីក្រុង និងទីប្រជុំជន ឱ្យបានល្អ ជំរុញការអប់រំ និងផ្សព្វផ្សាការអនុវត្តវិធានការកាត់បន្ថយការបោះចោលសំរាម សំណល់ប្លាស្ទិកតាមទីសាធារណៈ ដែលជាប្រភពបំពុលដល់បរិយាកាសផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថា វិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ ជាពិសេស ការអនុវត្ត របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ពិតជាមានសារៈសំខាន់ ក្នុងការទប់ស្កាត់ការដុតនៅទីចំហ ភ្លើងឆេះវាលស្មៅ ភ្លើងឆេះព្រៃ ការដុតគល់ជញ្ជ្រាំង ជាពិសេសការដុតសំរាម និងសំណល់ប្លាស្ទិក និងសកម្មភាពបំពុលនានា នៅក្នុងមូលដ្ឋាន។
ឯកឧត្តម បានជំរុញលើកទឹកចិត្តឱ្យរដ្ឋបាលខេត្ត និងក្រុងស្រុក ចាត់វិធានការទប់ស្កាត់ការឆេះ ការបំពុលផ្សែង ដែលអាចបណ្តាលមកពីការដុតសំរាម សំណល់ប្លាស្ទិកនៅតាមមូលដ្ឋាន និងបន្តចូលរួមសហការអនុវត្តយុទ្ធនការ«កម្ពុជាស្អាត ខ្មែរធ្វើបាន» ដើម្បីទីក្រុង ទីប្រជុំជនស្អាត កម្ពុជាស្អាត ដែលជួយលើកកម្ពស់កិត្យានុភាពកម្ពុជាក្នុងក្របខណ្ឌជាតិ និងនៅលើឆាកអន្តរជាតិ។
ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា ក្នុងព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ បានបង្ហាញឱ្យឃើញតាមរយៈឧបករណ៍ និងស្ថានីយត្រួតពិនិត្យគុណភាពខ្យល់ ចំនួន៦០ នៅទូទាំងប្រទេសថា ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា មានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ២៥.៩២ មីក្រូក្រាម ក្នុង m3 ធៀបនឹងស្តង់ដា ៥០ មីក្រូក្រាម/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់គឺ “ល្អណាស់”។ ឯកឧត្តម ខ្វៃ អាទិត្យា បានបញ្ជាក់បន្ថែមថា កន្លងមកប្រជាពលរដ្ឋមានការព្រួយបារម្ភចំពោះគុណភាពខ្យល់នៅកម្ពុជា ដោយសារមានការរកឃើញកំហាប់ភាល្អតនិចល មានការកើនឡើង លើសពី៥០ ug/m3 ដោយសារ ពេលនៅរដូវប្រាំង ការបំពុលខ្យល់អាចកើតមានឡើង នៅតាមតំបន់មួយចំនួន ដែលមានស្មៅ ព្រៃស្ងួត ឬ តំបន់កសិកម្ម ដែលងាយរងការឆេះ។
សូមជម្រាបថា បច្ចុប្បន្នក្រសួងបរិស្ថានបានបំពាក់ឧបករណ៍ និងស្ថានីយតាមដានត្រួតពិនិត្យគុណភាពខ្យល់បានចំនួន៦០ ដែលក្នុងនោះមានស្ថានីយធំៗ ចំនួន១០ស្ថានីយ និងរថយន្តត្រួត ពិនិត្យគុណភាពខ្យល់ចល័តចំនួន ៣គ្រឿង ប្រព័ន្ធត្រួតពិនិត្យតាមដានគុណភាពខ្យល់ពីផ្កាយរណបចំនួន ១គ្រឿង៕






