ក្រុមអ្នកសារព័ត៌មានមកពី១៥ស្ថាប័ន បានទទួលចំណេះ ដឹង ដើម្បីពង្រឹងសមត្ថភាពក្នុងការផ្សព្វផ្សាយបរិស្ថាន ការការពារ និង អភិរក្សធនធានធម្មជាតិ សម្រាប់និរន្តរភាពជីវភាពប្រជាពលរដ្ឋ ការពង្រឹងបាននូវសេដ្ឋកិច្ចជាតិ។ វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងនាមន្ទីរបិស្ថាន ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០២៣។
ឯកឧត្តម ជួប ប៉ារីស៍ អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថានបានឱ្យដឹងថា បានថ្លែងបន្ថែមថា ការបណ្តុះបណ្តាល ដល់អ្នកសារព័ត៌មាន គឺជាផ្នែកមួយសំខាន់បន្ថែមទៀត ក្នុងវិស័យផ្សព្វផ្សាយព័ត៌មានបរិស្ថាន។ ឯកឧត្តមអនុរដ្ឋលេខា ធិការបានថ្លែងដោយបញ្ជាក់បន្ថែមថា ”កាលណាគេនិយាយពីការប្រែប្រួលអាកាសធាតុគឺសំដៅ ទៅលើការប្រែប្រួលកំដៅលើផែនដី។
ឯកឧត្តម បានបញ្ជាក់ថា ពិតមែនតែកម្ពុជាជាប្រទេសដែលបញ្ចេញឧស្ម័នផ្ទះកញ្ចក់ តិចតួចបំផុតក្តី ក៏កម្ពុជាកំពុងរួមចំណែកយ៉ាងសកម្ម នៅក្នុងកិច្ចខិតខំប្រឹង ប្រែងជាអន្តរជាតិក្នុងការដោះស្រាយ បញ្ហាប្រែប្រួលអាកាស ធាតុនិងបញ្ហាបរិស្ថានសកលនានា ជាពិសេសការចូលរួមអនុវត្តកិច្ចព្រមព្រៀងបរិស្ថានអន្តរជាតិទាំងអស់ ដែលកម្ពុជាបានផ្តល់សច្ចាប័ន។
ជាពិសេសកម្ពុជា បានប្រកាសដាក់ឲ្យប្រើប្រាស់នូវយុទ្ធសាស្រ្តអនុវត្តន៍រយៈ ពេលវែង សម្រាប់អព្យាក្រឹតកាបូននៅឆ្នាំ២០៥០។
ឯកឧត្តម អនុរដ្ឋលេខាធិ ការ បានបញ្ជាក់បន្ថែមថា ការអភិវឌ្ឍមួយប្រកបដោយចីរភាពជានិច្ចនិរន្តរ៍ត្រូវការសរសរស្តម្ភ៣យ៉ាងគឺ សេដ្ឋកិច្ច សង្គម និងបរិស្ថាន។
លោក គង់ ពុទ្ធីរ៉ា ប្រធានមន្ទីរបរិស្ថាន ខេត្តពោធិ៍សាត់ បានថ្លែងថាដោយអំពាវនាវឱ្យភាគីពាក់ព័ន្ធ និងមន្រ្តីគ្រប់ជាន់ថ្នាក់ ចូលរួមការពារព្រៃឈើ សត្វព្រៃដើម្បីការពារឱ្យបាននៃលំនឹងបរិស្ថាន និងប្រព័ន្ធអេកូឡេស៊ីនៅកម្ពុជា។
ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន និងជាអ្នកសម្របបសម្រួលកម្មវិធីបញ្ជ្រាបចំណេះដឹងបរិស្ថានជាមួយអ្នកសារ ព័ត៌មាន បានបញ្ជាក់ថា អ្នកសារព័ត៌មាន នឹងធ្វើដំណើរចុះទៅដល់ទីតាំងផ្ទាល់នៃគម្រោងរបស់ក្រសួងបរិស្ថាន ដែលបានជួយអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន នៃសហគមន៍នៅតាមតំបន់ការពារធម្មជាតិ ក្នុងជួរភ្នំក្រវាញ ជាពិសេសការ បង្កើតជម្រើសសម្រាប់ជីវភាពគ្រួសារ និងសក្តានុពលវិស័យទេសចរណ៍ធម្មជាតិជាដើម។
គួរបញ្ជាក់ថា វគ្គបណ្តុះ បណ្តា លនេះ រៀបចំឡើងដោយក្រសួងបរិស្ថាន សម្របសម្រួលដោយ មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ និងមានការគាំទ្រដោយ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ មានរយៈពេល៥ថ្ងៃ ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ ដោយមានអ្នកសារ ព័ត៌មានទាំង១៥ស្ថាប័ន ចំនួន២០នាក់ មកពីស្ថានីយវិទ្យុ ទូរទស្សន៍ និងសារព័ត៌មានអេឡិកត្រូនិក៕






