ក្រសួងបរិស្ថាន និង ដៃគូបានធ្វើការផ្សព្វផ្សាយអំពីប្រកាសស្តីពីការដាក់ឱ្យអនុវត្តនូវគោលការណ៍ណែនាំក្នុងការ អនុវត្តគម្រោងអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិខ្នាតតូចដែលមានទំហំផ្ទៃដីក្រោម ១០ហិកតា ស្ថិតនៅក្នុងតំបន់ ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ។
វេទិកានេះ រៀបចំឡើងនាព្រឹកថ្ងៃទី ០៣ ខែ តុលា ឆ្នាំ ២០២២ ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយការយល់ដឹងអំពីប្រកាសឱ្យបានទូលំទូលាយដល់គ្រប់ភាគីពាក់ព័ន្ធ ជាពិសេសវិស័យឯកជន ដែលទទួលបានការអនុញ្ញាតពីក្រសួងបរិស្ថាន ឱ្យអនុវត្តគម្រោងអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិខ្នាតតូចក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្ស ជីវៈចម្រុះ អាចបន្តនីតិវិធីតាមគោលការណ៍ណែនាំ។
ឯកឧត្តម រ័ត្ន វិរៈ រដ្ឋលេខាធិការក្រសួងបរិស្ថានបានឱ្យដឹងថា៖ ទេសចរណ៍ត្រូវបានចាត់ទុកជា “មាសបៃតង” ដោយ សារតែតួនាទីរបស់វិស័យនេះចូលរួមនៅក្នុង កំណើនសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើតឱកាសការងារ ការរកប្រាក់ចំណូល ការលើកកម្ពស់ជីវភាពរស់នៅ និងការកាត់ បន្ថយភាពក្រីក្រ ការអភិរក្ស បេតិកភណ្ឌធម្មជាតិ វប្បធម៌ និងប្រវត្តិសាស្ត្រ និងការចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុពិភពលោក។
ឯកឧត្តមមានប្រសាសន៍ថា អេកូទេសចរណ៍ និងទេសចរណ៍វប្បធម៌បានរីកចម្រើនជាបន្តបន្ទាប់គួរឱ្យកត់សម្គាល់ និងបានរួមចំណែកជាង ១០ភាគរយ នៅក្នុងផលិតផលក្នុងស្រុកសរុប (ផ.ស.ស)ប្រចាំឆ្នាំ ហើយក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ទេសចរណ៍(២០១២-២០២០) បានកំណត់គោលដៅទុកជាមុនថា នៅឆ្នាំ២០២០ ភ្ញៀវទេសចរអន្តរជាតិមកទស្សនាប្រទេសកម្ពុជានឹងកើនឡើងដល់ ៧លាននាក់ ហើយនឹងបង្កើនចំណូលបានជាង ៥.០០០ លានដុល្លារសហរដ្ឋអាមេរិក ហើយបង្កើតការងារបានប្រហែល ១លានកន្លែង ។
ឯកឧត្តមបានបញ្ជាក់បន្ថែមថា ក្រសួងបរិស្ថានបានកំណត់តំបន់អេកូទេសចរណ៍អាទិភាពថ្នាក់ជាតិចំនួនប្រាំមួយ(៦) តំបន់ ដោយជ្រើសរើសចេញពីតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ ដើម្បីជាមូលដ្ឋានក្នុងការជំរុញការអភិវឌ្ឍសកម្មភាពទេសចរណ៍ និងអេកូទេសចរណ៍ក្នុងតំបន់ ពិសេសការចូលរួមរបស់ភាគីពាក់ព័ន្ធ ទាំងផ្នែកសាធារណៈ ផ្នែកឯកជន និងដៃគូអភិវឌ្ឍន៍ ដែលតំបន់ទាំងនោះរួមមាន៖
១.តំបន់អេកូទេសចរណ៍នៅឧទ្យានជាតិព្រះជ័យវរ្ម័ន -នរោត្តម «ភ្នំគូលែន»
២.តំបន់អេកូទេសចរណ៍ទេសភាពជួរភ្នំក្រវាញ
៣.តំបន់អេកូទេសចរណ៍ឆ្នេរ
៤.តំបន់អេកូទេសចរណ៍ឋាបនីយជីវៈមណ្ឌលបឹងទន្លេសាប
៥.តំបន់អេកូទេសចរណ៍ព្រៃឡង់
៦.តំបន់អេកូទេសចរណ៍ភូមិភាគឥសាន្ត។
សូមបញ្ជាក់ថា កម្ពុជាបានបង្កើតតំបន់ការពារធម្មជាតិចំនួន ៧៣ និងរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិចំនួន០៣ (របៀងអភិរក្សជីវៈចម្រុះឦសាន របៀងអភិរក្សជីវៈចម្រុះឧត្តរ និងរបៀងអភិរក្សជីវៈចម្រុះជួរភ្នំក្រវាញ) សរុបផ្ទៃដីមានប្រមាណជា ៧,២លានហិកតា ស្មើនឹង៤១% នៃផ្ទៃដីប្រទេសកម្ពុជាទាំងមូល ដែលនេះជាវិសាលភាពផ្ទៃដីដ៏ធំធេង ដែលត្រូវឱ្យមានការរៀបចំបែងចែកតំបន់ ការពង្រឹងការគ្រប់គ្រង និងទាញយកសក្តានុពលពីធនធានធម្មជាតិទាំងនោះមកបម្រើឱ្យសេដ្ឋកិច្ចសង្គម ប្រកបដោយ ការទទួល ខុសត្រូវ និងមាននិរន្តរភាព ជាពិសេសគឺការផ្តល់បរិយាកាសអំណោយផលសម្រាប់ការវិនិយោគលើទេសចរណ៍ធម្មជាតិ៕






