នៅក្នុងពិធីសំណេះសំណាល និងប្រគល់ធុងសំរាមជូនប្រជាពលរដ្ឋរស់នៅក្នុងគម្រោងទី១ បុរី ប៉េង ហួត នៅ ក្នុងបរិវេណសួនច្បារក្នុងបុរីប៉េង ហួត បឹងស្នោរ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន លើកទឹកចិត្ត ពលរដ្ឋចូលរួមញែកសំរាមតាមបច្ចេកទេសដោយទុកដាក់វេចខ្ចប់សំរាមតាមប្រភេទគឺសំណល់សរីរាង្គ សំណល់ដែលអាចកែច្នៃនិងប្រើប្រាស់ឡើងវិញបាននិងសំណល់ដែលគ្រោះ ថ្នាក់។
ឯកឧត្តមរដ្ឋលេខា ធិការក្រសួងបរិស្ថានបានវាយតម្លៃខ្ពស់ចំពោះក្រុមការ ងារ «ផ្តើមពីយើង» ក្រុមហ៊ុនបុរី ប៉េងហួត ដែលបានសហការគ្នារៀបចំអនុវត្តគម្រោងនេះរហូតបាន ទទួល ជោគជ័យនិងមានការចូលរួមគាំទ្រអនុវត្តពីសំណាក់ប្រជាពលរដ្ឋ។
ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានមានប្រសាសន៍ថា ក្រសួងបរិស្ថានតែងតែគិតគូរជានិច្ចពីការថែរក្សា ការពារ និងលើកកម្ពស់បរិស្ថាននៅកម្ពុជា និងបានជំរុញឱ្យមានប្រតិបត្តិមេត្រីបរិស្ថាន។
ឯកឧត្ដម ក៏បានលើក ឡើងពីផលប្រយោជន៍នៃការរៀបចំទុកដាក់និងបែងចែកសំរាមឱ្យបានត្រឹមត្រូវ និងផលប៉ះពាល់ដែលកើតចេញពីការបោះសំរាម ចោលផ្តេសផ្តាស។ ក្នុងមួយឆ្នាំ កម្ពុជាបានបង្កើតសំរាមប្រមាណជិត ៤លានតោន ពោលគឺនៅទូទាំងប្រទេសមានសំរាមជាង១ ម៉ឺនតោនក្នុងមួយថ្ងៃ។
បើតាមការបញ្ជាក់របស់ ឯកឧត្តម នេត្រ ភក្ត្រា នៅរាជធានីភ្នំពេញសំរាមដែលបង្កើតឡើងមានចន្លោះពី ២៧០០ ទៅ ៣០០០ តោនក្នុងមួយថ្ងៃក្នុងនោះសំណល់ម្ហូបអាហារមានចំនួន ៥៧,៤០% សំណល់ថង់ប្លាសស្ទិក មានប្រមាណ ១៨,១០ %សំណល់ក្រដាស ៦% កៅស៊ូ និងស្បែក ០,២% សំណល់ស្មៅ ឈើ ក្រណាត់ ថ្ម និងផ្សេងៗមានចំនួន ១៨,៣០%។
លោក គួច វែងស្រ៊ុន ប្រធានគម្រោង «ផ្តើមពីយើង» និងលោកស្រី ជាវ សម្បត្តិ តំណាងក្រុមហ៊ុនបុរី ប៉េង ហួត បានថ្លែងអំណរគុណឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួង បរិស្ថានដែលបានគាំទ្រគម្រោងដ៏មានសារៈសំ ខាន់នេះ និងបានថ្លែងអំណរគុណប្រជាពលរ្ឋដែលបានចូលរួមអនុវត្តគម្រោង។ សូមបញ្ជាក់ថា គម្រោងផ្ដើមពីយើងបានប្រគល់ធុងសំរាមចំនួន ២០០ ឈុត ជូនប្រជាពលរដ្ឋដែលរស់នៅក្នុងបុរីនេះដែលពលរដ្ឋអាចទុកដាក់សំរាមតាមប្រភេទ ហើយនៅលើធុងសំរាមនោះមានការរចនាជាកន្លែងសម្រាប់ដាំដំណាំរួមផ្សំផ្សេងទៀត ឬផ្កាលម្អជាដើម។
ឯកឧត្តមរដ្ឋលេខាធិការ នេត្រ ភក្ត្រា មានជំនឿថាគម្រោង “ផ្តើមពីយើង” នេះនឹងទទួលបានជោគជ័យហើយក្លាយជាគំរូសម្រាប់កាអនុវត្តនៅតាមបណ្តាបុរីនានាក្នុងរាជធានីភ្នំពេញ និងជំរុញចលនាញែកសំរាមតាមបច្ចេកទេស និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវនៅទូទាំងប្រទសកម្ពុជា។
សំរាមមាន តម្លៃជាសេដ្ឋកិច្ច ប្រសិនបើយើងចូលរួមញែកសំរាមឱ្យបានត្រឹម ហើយបរិមាណសំរាមដែលដឹកយកទៅចាក់ចោលនៅលើទីលានចាក់ សំរាមនឹងត្រូវបានកាត់បន្ថយ ដោយសំរាមខ្លះ អាចយកទៅកែច្នៃនិងប្រើប្រាស់ឡើងវិញ សំណល់សរីរាង្គដែលជាសំណល់ម្ហូបអាហារអាចកែច្នៃជាជីកំប៉ុស្តិ៍ ដាក់ដំណាំឬរុក្ខជាតិផ្សេងទៀតបាន៕






