នៅព្រឹកថ្ងៃសុក្រ ទី២៥ ខែកញ្ញានេះ ក្រសួងមហាផ្ទៃ បន្តកិច្ចប្រជុំពិភាក្សា និងពិនិត្យលើសេចក្តីព្រាងច្បាប់ស្តីពី បទ ល្មើសបច្ចេកវិទ្យាព័ត៌មានក្រោមអធិបតីភាព ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ទទួលបន្ទុកក្រុមប្រឹក្សានីតិកម្ម។ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា «កិច្ចប្រជុំពិភាក្សាទៅលើសេចក្ដីព្រា ងច្បាប់ស្ដីពី បទល្មើសបច្ចេកវិទ្យាព័ត៌មាន នាពេលនេះដើម្បីប្រមូលធាតុចូលបន្ថែមដើម្បីឱ្យសេចក្តីព្រាងច្បាប់នេះកាន់តែមានភាពសុក្រិត្យ។

ឯកឧត្តមបន្តថា ដោយសារតែវិស័យបច្ចេកវិទ្យាមានការរីករចំរើន ក្នុងនោះក៏មានបទល្មើសឧក្រិដ្ឋតាមប្រព័ន្ធបច្ចេកវិទ្យាកើនឡើង ដូច្នេះហើយដោយសារតែមានការព្រួយបារម្ភពីបទល្មើសបច្ចេកវិទ្យានេះកើតឡើងធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិ ប៉ះពាល់ដល់សណ្តាប់ធ្នាប់សារធារណៈ ប៉ះពាល់ដល់ផលប្រយោជន៍ប្រជាពលរដ្ឋ ដូច្នេះហើយទើបក្រសួងមហាផ្ទៃ បានរៀបចំនៅសេចក្តីព្រាងច្បាប់នេះឡើង។

សូមជម្រាបថា សេចក្តីព្រាងច្បាប់ស្ដីពី បទល្មើសបច្ចេកវិទ្យាព័ត៌មាន ត្រូវបានតាក់តែងក្នុងឆ្នាំ២០១៦ ហើយបានជួបប្រជុំពិភាក្សាជាបន្តបន្ទាប់ចំនួន៦៧លើករួចមកហើយ ដោយមានទាំងប្រជុំអន្តរក្រសួង ប្រជុំជាមួយនាយកដ្ឋានជំនាញរបស់ក្រសួងមហាផ្ទៃ ព្រមទាំងមានជំនួយឧបត្ថមបច្ចេកទេសពីក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកផងដែរ។

សូមជម្រាបថា សេចក្ដីព្រាងច្បាប់ស្ដីពី បទល្មើសបច្ចេកវិទ្យាព័ត៌មាននេះ មានគោលបំណងធានា សុច្ចរិតភាព នៃការប្រើប្រាស់ ការគ្រប់គ្រងប្រព័ន្ធកុំព្យូទ័រ ទិន្នន័យកុំព្យូទ័រ និងការ ពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងការការពារសិទ្ធិសេរីភាពបុគ្គល ដើម្បីបង្ការ ទប់ស្កាត់ និងបង្រ្កាប បទ ល្មើស បច្ចេកវិទ្យាព័ត៌មាន។

ច្បាប់នេះមានវិសាលភាពអនុវត្តចំពោះបទល្មើសបច្ចេកវិទ្យាព័ត៌មានដែលប្រព្រឹត្តនៅក្នុង ឬក្រៅព្រះរាជាណាចក្រកម្ពុជា ហើយដែលអំពើនោះធ្វើឲ្យប៉ះពាល់ដល់រូបវន្តបុគ្គល នីតិ បុគ្គល សន្តិសុខ សណ្តាប់ធ្នាប់ របៀប រៀបរយសាធារណៈ ឬផលប្រយោជន៍របស់ព្រះរាជា ណាចក្រកម្ពុជា។ សេចក្តីព្រាងច្បាប់ស្តីពី បទល្មើសបច្ចេកវិទ្យាព័ត៌មាននេះមាន ៨ជំពូក និង៥០មាត្រា ហើយក្រុម ការងារបាននិងកំពុងតែប្រមូលធាតុផ្សំផ្សេងៗ ដែលពាក់ព័ន្ធ ដើម្បីដាក់ចូលទៅក្នុងសេចក្តីព្រាងច្បាប់នេះ ហើយខ្លឹមសារនៅក្នុងច្បាប់នេះ ក៏មានចែងអំពីការផ្ដន្ទាទោសផងដែរ៕






