ចុះជួយដោះស្រាយ និងឆ្លើយតបបញ្ហាជំនន់ទឹកភ្លៀង និងទឹកជំនន់ក្នុងរដូវវស្សា
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងធនធាន ទឹក និងឧតុនិយម ឱ្យដឹងថាព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងស្ថិតក្នុងតំបន់សម្ពាធទាប ហើយក៏កំពុងបន្តទទួលឥទ្ធិពលនៃប្រព័ន្ធសម្ពាធទាប (ITCZ) និងសម្ពាធទាប សកម្ម (Active Low) ដែលធ្វើឱ្យមានភ្លៀងធ្លាក់ជាបន្ត បន្ទាប់ទាំងនៅរាជធានីភ្នំពេញ និងបណ្តាខេត្តនានា ដែលអាចបង្ក ឱ្យមានជំនន់ទឹកភ្លៀង និងកម្ពស់ទឹកទន្លេមានការកើនឡើងគួរឱ្យកត់សម្គាល់។
កត្តាខាងលើអាចបណ្តាលឱ្យប៉ះពាល់ដល់ជីវិតមនុស្ស សត្វ ហេដ្ឋារចនាសម្ព័ន្ធ ទ្រព្យសម្បត្តិ នឹងអាចកើតមាន ជំងឺផ្សេងៗមកលើប្រជាជនទូទៅ ជាពិសេស ជនចាស់ ជរា ជនពិការ ស្ត្រី និងកុមារជាដើម។
ដើម្បីឆ្លើយតប ទៅនឹងបញ្ហាខាងលើ ក្រសួងសូមធ្វើការណែនាំដល់មន្ទីរ សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានី ខេត្ត ត្រូវអនុវត្តនូវវិធានការឆ្លើយតបមួយចំនួនដូចខាងក្រោម ៖
១- ត្រូវសហការជាមួយរដ្ឋបាលរាជធានី ខេត្ត ក្នុងការដោះ ស្រាយ និងឆ្លើយតបចំពោះបញ្ហាទឹកជំនន់ជូន ប្រជាជននៅតាមមូលដ្ឋាន ដោយស្មារតីទទួលខុសត្រូវខ្ពស់។
២- ត្រូវរៀបចំឱ្យមានក្រុមការងារប្រតិកម្មរហ័សធ្វើបច្ចុប្បន្ន ភាព និងរាយការណ៍ជាប្រចាំអំពីចំនួនប្រជាជន ស្ថានភាព និងទីតាំងដែលកំពុងជួបបញ្ហាទឹកជំនន់ មកក្រសួងតាមរយៈនាយកដ្ឋានសុខុមាលភាពសង្គម ដែលជាលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយប្រចាំក្រសួង ដើម្បីមានមូលដ្ឋានគ្រប់គ្រាន់ក្នុង ការរាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាល។
៣- ត្រូវរៀបចំផែនការសកម្មភាពចុះពិនិត្យដោះស្រាយឆ្លើយ តបបញ្ហាទឹកជំនន់ ខ្យល់កន្ត្រាក់ ខ្យល់ព្យុះ ការ កើតមានជំងឺផ្សេងៗមកលើប្រជាជន និងស្រង់ទិន្នន័យជនរងគ្រោះនិងងាយរងគ្រោះ ជូនក្រសួងដើម្បី ពិនិត្យដោះស្រាយបានទាន់ ពេលវេលា៕






