
លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារ ណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការអន្តរ ក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត កាលពីរសៀលម្សិលមិញ បានដឹកនាំកិច្ចប្រជុំស្ដីពីការរៀបចំផែនការពិព័រណ៍ផ្លាកលេខ និងរថយន្ត ដោយមានការចូលរួមពីមន្ត្រីជំនាញនៃគណៈកម្មការអន្តរក្រសួង គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្រុមហ៊ុនធានារ៉ាប់រង និងមន្រ្តីក្រុមហ៊ុនលក់រថយន្តសរុបប្រមាណ៦០រូប។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងជូនដំណឹងស្ដីពីការត្រៀមរៀបចំពិព័រណ៍ផ្លាកលេខ និងរថយន្ត ដើម្បីបើកឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្រុម ហ៊ុនធានារ៉ាប់រង និងក្រុមហ៊ុនលក់រថយន្តអាចចូលរួមក្នុងពិព័រណ៍នេះផងដែរ។
អង្គប្រជុំក៏បានពិភាក្សាអំពីមុខងារដេញថ្លៃលេខពិសេស នៃប្រព័ន្ធស្វ័យប្រវត្តិកម្មដាក់ពាក្យចុះបញ្ជីយានយន្ត ដើម្បីអនុញ្ញាតឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុជាដៃគូអាចសហការលើការងារដេញថ្លៃលេខពិសេសផ្ទាល់ខ្លួន។ លោក ជំទាវរដ្ឋលេខាធិការ បានអំពាវនាវឱ្យគ្រឹះ ស្ថានធនាគារ និងហិរញ្ញវត្ថុដៃគូចូលរួមជាមួយក្រសួងដើម្បីតភ្ជាប់ប្រព័ន្ធដេញ ថ្លៃលេខពិសេសផ្ទាល់ខ្លួន នៃប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីយានយន្ត ដើម្បីអាចផ្ដល់ជម្រើសទូទាត់សេវាដល់ប្រជា ពលរដ្ឋឱ្យកាន់តែមានភាពសម្បូរបែប។
សូមជម្រាបជូនថា៖ ក្រសួងសាធារណការ និងដឹក ជញ្ជូន គ្រោងនឹងរៀបចំពិព័រណ៍ផ្លាកលេខ និងរថយន្ត សម្រាប់ដំណើរការការលក់លេខពិសេសផ្ទាល់ខ្លួន ដែលកម្មវិធីនេះនឹងបើកឱកាសដល់សាធារណជន និងប្រជា ពលរដ្ឋគ្រប់រូបអាចស្វែងយល់បន្ថែមអំពីផ្លាកលេខ ការដេញថ្លៃលេខពិសេសផ្ទាល់ខ្លួន ក៏ដូចជាអាចទស្សនា ការតាំងពិព័រណ៍រថយន្ត ការតាំងពិព័រណ៍របស់គ្រឹះស្ថានធនាគារ និងហិរញ្ញ វត្ថុ និងការប្រគំតន្ត្រីផងដែរ៕



