តាមរយៈសេចក្តីប្រកាសព័ត៌មាននៅល្ងាចនេះ ក្រសួង សុខាភិបាល សម្រេចបន្ថែមអគារថែទាំព្យាបាលជំងឺកូវីដ១៩ ដែលមានចំណុះ១០០គ្រែមួយទីតាំងទៀត ស្ថិតនៅអតីតមណ្ឌលសុខភាពចាក់អង្រែ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ការសម្រេចបន្ថែមអគារថែទាំព្យាបាលជំងឺកូវីដនេះ បន្ទាប់ពីក្រសួងបានពិនិត្យឃើញថា មានការកើនឡើងនៃអ្នកស្នើសុំពិនិត្យធ្វើតេស្តរកជំងឺកូវីដ១៩នេះ។
នេះជាការបញ្ជាក់របស់ក្រសួងសុខាភិបាល។
ក្រៅពីទីតាំងទើបបន្ថែមថ្មីនេះ ក្រសួងសុខា ភិបាល បានរៀបចំកន្លែងថែទាំ និងព្យាបាលអ្នកជំងឺកូវីដ១៩ នៅទីតាំងជាច្រើនមានដូចជានៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីរពេទ្យកុមារជាតិ មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ មន្ទីរពេទ្យជ័យវរ្ម័នទី៧សៀមរាប និងនៅមន្ទីរពេទ្យខេត្តទាំង២៤៕






