
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បាននៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ បានប្រកាសបដិសេដនូវការលេចធ្លាយវិញ្ញាសាប្រវត្តិវិទ្យា (ថ្នាក់វិទ្យាសាស្ត្រ)។យោងតាមសេចក្ដីប្រកាសព័ត៌មាន ក្រសួងអប់រំ បានជម្រាបជូនបេក្ខជន អ្នកអាណាព្យាបាល និងសាធារណជនទាំងអស់ជ្រាបថា ថ្មីៗនេះ ជនខិលខូចបានបង្ហោះព័ត៌មានអំពីការលេចធ្លាយវិញ្ញាសាប្រវត្តិវិទ្យា(ថ្នាក់វិទ្យាសាស្ត្រ) សម្រាប់ការ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ៦ វិច្ឆិកា ២០២៣ នៅតាមគ្រុបតេលេក្រាម និង បណ្ដាញសង្គមមួយចំនួន ដែលធ្វើឱ្យប៉ះពាល់ដល់ស្មារតីត្រៀមប្រឡងរបស់បេក្ខជន និងដំណើរការគ្រប់គ្រង វិញ្ញាសាដ៏គត់មត់របស់ក្រសួងអប់រំ យុវជន និងកីឡានិងភាគីពាក់ព័ន្ធទាំងអស់។
«ក្នុងន័យនេះ ក្រសួងអប់រំ យុវជន និងកីឡាសូមបដិសេធនូវការលេចធ្លាយវិញ្ញាសា ដែលជនខិលខូចមាន ចេតនាធ្វើឱ្យប៉ះពាល់ដល់ដំណើរការប្រឡងទាំងមូល និងស្មារតីយកចិត្តទុកដាក់រៀនសូត្ររបស់បេក្ខជន។ ក្រសួងនឹងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការចំពោះជនខិលខូច ដែលបានផ្សព្វផ្សាយព័ត៌មានគ្មានមូលដ្ឋានច្បាស់លាស់នេះ»។
ជាមួយគ្នានេះ ក្រសួងក៏បានលើកទឹកចិត្តឱ្យបេក្ខជនទាំងអស់បន្តថែរក្សាសុខភាព និងរំលឹកមេរៀនសម្រាប់ត្រៀមប្រឡងនៅថ្ងៃទី៦ និងទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះឱ្យទទួលបានជោគជ័យទាំងអស់គ្នា៕

