អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ ឲ្យដឹងថា គិតមកដល់ព្រឹកថ្ងៃទី០១ មិនា នេះ នៅរាជធានីភ្នំពេញ ការគ្រប់គ្រងមុខសញ្ញាកូវីដ-១៩ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ក្រុមការងារចម្រុះ បានគ្រប់គ្រងមុខ សញ្ញានេះបានយ៉ាងល្អហើយ ខណៈដែរ នៅរាជធានីភ្នំពេញមានទីតាំងចំនួន៧៨ដែលយើងបាននិងកំពុងគ្រប់គ្រង ដោយបិទការចេញ ចូលដើម្បីសុវត្ថិភាពកុំឱ្យមានការឆ្លងរីករាលដាលជំងឺកូវីដ-១៩ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈនេះ ។
ឯកឧត្តម ឃួង ស្រេង បានបន្តថា ការអនុវត្តការងារបានយ៉ាងល្អនិងជោគជ័យកន្លងមកនេះ គឺដោយសារតែកង កម្លាំងអាជ្ញាធរមានសមត្ថកិច្ច បានបំពេញការងារដោយការយកចិត្តទុកដាក់និងទទួលខុសត្រូវខ្ពស់ទៅតាមការណែនាំរបស់សម្ដេចតេជោ ។
តែអ្វីដែលជាកត្តាជោគជ័យបំផុតនោះគឺការចូលរួមពីសំណាក់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅរាជធានីភ្នំពេញ ។
ជាក់ស្តែងនៅពេលឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភនេះ ខណៈដែលក្រុមការងារទៅយកមុខសញ្ញាដែលពាក់ព័ន្ធនឹងជម្ងឺកូវីដ- ១៩ នោះ ប្រជាពលរដ្ឋក្បែរខាង តែងបានផ្តល់ព័ត៌មានជុំវិញជនសង្ស័យទាំងនោះ ថាជនសង្ស័យនោះបានទៅទីនេះទីនោះ ដែលអាចអោយយើងគ្រងមុខសញ្ញានេះបានល្អនិងជោគជ័យ ពោលគឺកាលពីថ្ងៃទី២៤ កុម្ភៈ អ្នកមានវិជ្ជមានកូវីដ-១៩នៅរាជធានីភ្នំពេញក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈនេះ១ថ្ងៃមានរហូតដល់៦៥នាក់ តែសម្រាប់ថ្ងៃទី ០១ មិនានេះ អ្នកមានវិជ្ជមានកូវីដ-១៩នៅរាជធានីភ្នំពេញ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ បានថយចុះមកត្រឹមចំនួនត០៩នាក់ប៉ុណ្ណោះ។
ការលើកឡើងខាងលើនេះ របស់ ឯកឧត្តម ឃួង ស្រេងបានធ្វើឡើងក្នុងពិធីសំណាលនិងពិភាក្សាការងារ ជាមួយអ្នក ឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន Royal group និងជា ប្រធានក្រុមប្រឹក្សាធនាគារ Wing នាព្រឹកថ្ងៃទី០១មិនានេះ ខណៈអ្នកឧកញ៉ា គិត ម៉េងប្រគល់ថវិការ ១០០០០០ ដប់ម៉ឺនដុល្លាសហរដ្ឋអាមេរិកដល់មូលនិធិត្រីចក្រយានកម្ពុជា( ស៊ីក្លូ) នៅសាលារាជធានីភ្នំពេញ។
អ្នកឧកញ៉ា គិត ម៉េង បានបញ្ជាក់ថា មូលនិធិនេះជាគំនិតផ្តួចផ្តើមរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាការរួមចំណែកដល់ជីវភាពអ្នកធាក់ស៊ីក្លូក្នុងរាជធានីភ្នំពេញដែលមានជីវភាព នៅមានកម្រិតឲទទួលបានការហូបចុក និងការ រស់នៅដោយសមរម្យ។
អ្នកឧកញ៉ា គិត ម៉េង បានកោតសរសើរ ចំពោះការដឹកនាំការងាររបស់រដ្ឋបាលរាជធានីភ្នំពេញនិង បណ្តាខណ្ឌទាំង១៤ ដែលបានជួយគិតគូរពីសុខភាព ពលរដ្ឋពាក់ព័ន្ធនឹងបញ្ហាកូវីត-១៩ និង ម៉្យាង ទៀត ក៏ជួយសម្របសម្រួលដល់វិស័យ ឯកជនក្នុងការប្រកបរបររកស៊ីក្នុងរាជធានីភ្នំពេញ៕
ដោយះសំអាតនិងពិសិដ្ឋ






