នៅក្នុងសប្ដាហ៍ទី១ នៃខែមីនា ឆ្នាំ២០២១នេះ ក្រុមការងារប្រតិបត្តិការ បានបន្តបេសកកម្មមុជទឹកចុះស្រង់គ្រាប់យុទ្ធ ភណ្ឌមិនទាន់ផ្ទុះបានជាបន្តបន្ទាប់ទៀត ក្នុងនោះរួមមាន គ្រាប់ប្រភេទ១២.៧ម.ម ចំនួន១៩,០៨៧គ្រាប់, គ្រាប់៦០ ម.ម ៨៧គ្រាប់, គ្រាប់៨១ ម.ម ៦១គ្រាប់, ឆ្អឹងសពមនុស្ស១៦បំណែក, អាវុធAK៤៧៨ដើម និងសម្ភារសឹកមួយចំនួន។
ចាប់តាំងពីខែតុលា ឆ្នាំ២០២០ រហូតមកដល់ខែមីនា ឆ្នាំ២០២១នេះ ក្រុមការងារបានបើកប្រតិបត្តិការបោសសំអាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ក្នុងនាវាចម្បាំងលិចក្នុងទន្លេ មេគង្គ ស្ថិតក្នុងភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានចំនួន១៥,២៨២គីឡូក្រាម រួមទាំងឆ្អឹងសពមនុស្ស និងសម្ភារសឹកមួយចំនួនទៀត។
កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបង្កើតក្រុមការងារអន្តរក្រសួង ដើម្បីចុះសិក្សានិងដោះស្រាយករណីរកឃើញគ្រាប់យុទ្ធ ភណ្ឌមិនទាន់ផ្ទុះក្នុងនាវាដែលលិចក្នុងទន្លេ ស្ថិតនៅភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដោយមាននាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាប្រចាំការក្រសួង ការពារជាតិ ជាប្រធាន អមដោយអគ្គស្នងការនគរបាលជាតិ និងអគ្គនាយកមជ្ឈមណ្ឌលជាតិសម្រាប់កងកម្លាំងរក្សាសន្តិភាព និងបោសសំអាតមីន និងគ្រាប់មិនទាន់ផ្ទុះជាអនុប្រធាន។
ប្រតិបត្តិការស្វែងរក គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាដែលលិចក្នុងទន្លេ ស្ថិតនៅភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ត្រូវបានកំណត់លើទីតាំងទំហំ១៥០០០ម៉ែត្រការ៉េ ឬស្មើនឹង១៥០ហិកតា។ ប្រតិបត្តិការនេះបានចាប់ផ្ដើមពី ខែតុលា ឆ្នាំ២០២០ ហើយគ្រោងបញ្ចប់នៅខែឧសភា ពោលគឺមុនការមកដល់រដូវវស្សា។
យ៉ាងណាក៏ដោយ សម្ដេចក្រឡាហោមបានសង្កត់ធ្ងន់ថា ប្រតិបត្តិការមិនអាចធ្វើដោយប្រញាប់ប្រញាល់ពេកនោះឡើយ ពោលគឺត្រូវគិតលើសុវត្ថិភាពក្រុមការងារជាអាទិភាពបំផុត។
ជាការកត់សម្គាល់ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាល បានសម្រេចបន្ថែមសមាសភាពសមាជិកក្រុមការងារមួយចំនួនទៀត។
តាមរយៈសេចក្ដីសម្រេចចុងក្រោយនេះ កិច្ចប្រតិបត្តិការក្រុមការ ងារអន្តរក្រសួង ដើម្បីចុះសិក្សា និងដោះស្រាយករណីរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាដែលលិចក្នុងទន្លេ នឹងត្រូវបន្តអនុវត្តនៅភូមិសាស្ត្រមួយចំនួនទៀត រួមមមានស្រុកល្វាឯម និងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល និងស្រុកពាមជរ ស្រុកពាមរក៍ ខេត្តព្រៃវែង ៕






