ក្រុងប៉ោយប៉ែត ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលស្រុកថ្មពួក បញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីកសាងសំណុំរឿង បញ្ជូនបន្តទៅតុលាការ កាលពីព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨នេះ។
លោក សៅ សារឿន អធិការនគរបាលស្រុកថ្មពួក បានបញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មាន កំលាំងរបស់លោក សហការជាមួយកម្លាំងនគរបាលការពារបេតិកភណ្ឌប្រចាំប្រាសាទបន្ទាយឆ្មារ បានធ្វើការចុះបង្ក្រាប ករណីលួចជីកផ្នូរខ្មោចបុរាណ នៅត្រង់ចំណុចគោកស្នួល ខាងក្រោយទីបញ្ជាការសឹករងស្រុកថ្មពួក ប្រមាណជា1500ម៉ែត្រ ស្ថិតក្នុងភូមិសាស្រ្ត ភូមិកសិណ ឃុំ/ស្រុកថ្មពួក កាលពីវេលាម៉ោង១និង៣០នាទី នារសៀលថ្ងៃទី16 ខែកញ្ញា ឆ្នាំ2018 ដោយបានធ្វើការឃាត់ខ្លួនបានជនសង្ស័យម្នាក់ ឈ្មោះ កុច ជុំរៀង ភេទប្រុស អាយុ26ឆ្នាំ មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកបក្ខពួករត់គេចខ្លួនបាត់ ហើយកងកម្លាំងសមត្ថកិច្ច កំពុងស្រាវជ្រាវរកមុខបក្ខពួកមួយចំនួនទៀត ដែលរត់គេចខ្លួនយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់។
ករណីខាងលើ កំលាំងនគរបាលការពារបេតិកភណ្ឌ ប្រចាំប្រាសាទបន្ទាយឆ្មារ បានបញ្ចូនជនសង្ស័យ រួមទាំងវត្ថុតាង មកកម្លាំងជំនាញអធិការរដ្ឋាននគរបាលស្រុកថ្មពួក ដើម្បីក៏សាងសំណុំរឿង បញ្ចូនតាមនីតិវិធីបន្ត។ លោកបន្ថែមថា ក្រោយពីបានធ្វើការសាកសួរ ជនសង្ស័យត្រូវបានបញ្ជូនបន្ដមកស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសាកសួរ និងកសាងសំណុំរឿង បញ្ជូនបន្តមកតុលាការខេត្ត។ វណ្ណា









