នាយកវិទ្យាស្ថាន CamEd Business School ថាបាល់ទាត់ជាប្រភេទកីឡាមួយជួយបង្កើតផ្នត់គំនិតអោយនិស្សិតក្លាយជាអ្នកដឹកនាំនាពេលអនាគត។

ថ្លែងក្នុងពិធីបើកការប្រកួតបាល់ទាត់នារីពានរង្វាន់ CamEd រដូវកាលទី៦ កាលពីថ្ងៃ ម្សិលមិញ នៅទីលានបាល់ទាត់ព្រីមៀមស្ព័តក្លិប លោក Cassey Bannett នាយកវិទ្យាស្ថាន CamEd Business School មានប្រសាសថា បាល់ទាត់ គឺជាប្រភេទកីឡាមួយដែលលេងជាក្រុម ហើយជោគជ័យអាចសម្រេចបានក៍វាកើតឡើងដោយការសាមគ្គីគ្នាដែរ។ ដូច្នេះបាល់ជាប្រភេទកីឡាមួយជួយបង្កើតផ្នត់គំនិតអោយនិស្សិតក្លាយជាអ្នកដឹកនាំនាពេលអនាគត។

លោកថា វិទ្យាស្ថានបង្កើតបាល់ទាត់នារីនេះឡើង ក្នុងគោលបំណងបំផុសផ្នត់គំនិតអោយនិស្សិតចូលរួមលេងកីឡាអោយបានគ្រប់ៗគ្នា ដើម្បីរួមចំណែកអភិវឌ្ឍន៍បាល់ទាត់កម្ពុជា អោយមានការរីកចំរើន ។ លោក នាយក បន្តថា ពាន CamEd ឬព្រឹត្តការណ៍កីឡារបស់វិទ្យាស្ថាន គឺផ្តល់ឪកាសអោយនិស្សិតលេងកីឡាដើម្បីសុខភាព សាមគ្គីភាព មិត្តភាព និងអោយនិស្សិតទទួលបានបទពិសោធន៍ ជំនាញពិតប្រាកដសម្រាប់ភាពជោគជ័យក្នុងអាជីពនាថ្ងៃអនាគត។ ព្រោះនិស្សិតមិនត្រឹមតែរៀនយកចំណេះដឹង និងជំនាញប៉ុណ្ណោះទេ ថែមទាំងទទួលបានបទពិសោធន៍បន្ថែមទៀត ពិសេសត្រូវចេះធ្វើការជាក្រុម ដើម្បីទទួលបានជោគជ័យ ក្នុងការងារ ឬជំនួញអ្វីមួយ នាពេលអនាគតផងដែរ ។
សម្រាប់លទ្ធផលនៃការប្រកួតបើកឆាកថ្ងៃដំបូងនេះក្រុម ក្រុម The Green ទទួលបាន៣ពិន្ទុ ក្រោយយកឈ្នះក្រុម Cam Girls ជាមួយលទ្ធផល ១០ទល់ ០ ។ ក្រុម Chav Chav និង Allies Power ទទួលបានមួយពិន្ទុដូចគ្នាក្រោយប្រកួតស្មើគ្នា០ទល់០។ ក្រុមWind Stormsទទួលបាន៣ពិន្ទុដោយយកឈ្នះក្រុម A1 ៣ទល់ ០ ។ក្រុម Dark Moon ទទួលបាន៣ពិន្ទុ ដោយយកឈ្នះក្រុម Nazi Partyក្នុងលទ្ធផល ៤ទល់ ០ ៕









