ក្រុមហ៊ុនមកពីប្រទេសជប៉ុនភាគច្រើនតាមរយៈអង្គការពាណិជ្ជ កម្មក្រៅប្រទេសរបស់ប្រទេសជប៉ុនបានបង្ហាញពីការចាប់ អារម្មណ៍ទៅលើវិស័យសក្តានុពលវិនិយោគជាច្រើននៅកម្ពុជា។
នេះជាការបញ្ជាក់របស់អនុប្រធានអង្គការពាណិជ្ជកម្ម ក្រៅប្រទេសជប៉ុន ក្នុងពេលចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសម្ដេចធិបតី នាយករដ្ឋមន្ត្រីការពារកាលពីម្សិលមិញ។
ក្នុងឱកាសនៃជំនួបលោកស្រី Mio Kawada អនុប្រ ធានអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសវិនិយោគនៅកម្ពុជា។
លោកស្រីបាន គោរពជម្រាបជូនសម្ដេចធិបតីថា នេះជាលើកទី២ ដែលអង្គការ JETRO បានរៀបចំបេសកកម្មធុរកិច្ច នៅកម្ពុជា ដោយលើកនេះមានក្រុមហ៊ុនជប៉ុនចូលរួមចំនួន១៩ ដែលចាប់អារម្មណ៍ការវិនិយោគនៅកម្ពុជាក្នុងវិស័យផ្សេងៗ រួមទាំងលើបច្ចេកវិទ្យាបៃតង និងឥណ ទានកាបូន តាមរយៈបច្ចេកវិទ្យាថ្មី និងទំនើប របស់ជប៉ុន។
សម្ដេចធិបតីបានស្វាគមន៍ការបន្តចាប់អារម្មណ៍របស់បណ្តាក្រុមហ៊ុនជប៉ុន ក្នុងការស្វែងរកនូវឱកាសវិនិយោគ និងការផ្សារភ្ជាប់ទំនាក់ទំនងជាមួយដៃគូធុរកិច្ចនៅកម្ពុជា។
សម្តេចធិបតីបានសម្តែងនូវការគាំទ្រលើចំណាប់អារម្មណ៍របស់ក្រុមហ៊ុនជប៉ុន លើវិស័យថាមពលស្អាត និងឥណទានកាបូន ដែលមានសង្គតិ ភាពជាមួយគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការធានានូវការអភិវឌ្ឍប្រកបដោយចីរភាព និងការដាក់ចេញនូវទិសដៅជំរុញថាមពលស្អាតឱ្យបានដល់ ៧០% ត្រឹមឆ្នាំ២០៣០។
សម្ដេចធិបតី ក៏បានណែនាំឱ្យបង្កើតក្រុមការងារដែលមានតំណាងក្រសួង-ស្ថាប័នកម្ពុជាពាក់ព័ន្ធ ដើម្បីសម្របសម្រួលជាមួយអង្គការ JETRO និងក្រុមហ៊ុនជប៉ុនខាងលើ ក៏ដូចជាពិភាក្សាការងារបន្តលើបច្ចេកវិទ្យាបៃតង និងឥណទានកាបូន៕