
ក្រុមហ៊ុនដឹកជញ្ជូន FedEx របស់អាមេរិកស្វែងយល់ពីឱកាសវិនិយោគ និងផែនការអភិវឌ្ឍន៍នានារបស់ រាជ រដ្ឋាភិបាលលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូននៅកម្ពុជា សម្រាប់ចាប់ផ្តើមដំណើរការផ្តល់សេវាដឹក ជញ្ជូនដោយផ្ទាល់របស់ខ្លួននៅកម្ពុជា នាខែតុលាខាង មុខនេះ។
ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យគណៈ ប្រតិភូក្រុមហ៊ុនដឹកជញ្ជូន FedEx របស់អាមេរិក ដឹកនាំដោយលោក Masamichi Ujiie អនុប្រធានជាន់ខ្ពស់របស់ក្រុម ហ៊ុន FedEx ចូលជួបសម្តែងការគួរសម និងពិភាក្សាកាងារ។
លោកអនុប្រធានជាន់ខ្ពស់ ក្រុមហ៊ុនដឹកជញ្ជូន FedEx មានប្រសាសន៍ថា នេះជាលើកដំបូង ដែលលោកបានមកកម្ពុជា។ លោកមើលឃើញកម្ពុជា មានការរីក ចម្រើន ដែលផ្ទុយទៅនឹងអ្វីដែលលោកធ្លាប់បានឮ ពីប្រព័ន្ធឃោសនា ខាងក្រៅ និងពីមនុស្សមួយចំនួន។
លោកក៏បានបង្ហាញនូវចំណាប់អារម្មណ៍ក្នុងការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ព និងដឹកជញ្ជូននៅកម្ពុជាផងដែរ ដើម្បីចូលរួមចំណែកអភិវឌ្ឍកម្ពុជាឱ្យកាន់តែមានការរីកចម្រើន ក៏ដូចជាពង្រីកទំនាក់ទំនងរវាងអាមេរិក និងកម្ពុជាបន្ថែមទៀត។
ឯកឧត្តមទេសរដ្ឋមន្ត្រីបានថ្លែងថា រាជរដ្ឋាភិបាលសម្រេចបាននូវសមិទ្ធផលសំខាន់ៗមួយចំនួនពាក់ព័ន្ធ វិស័យសាធារណការ និងដឹកជញ្ជូនរួមមាន៖ ការកសាងផ្លូវថ្នល់បានប្រមាណ១៨ ០០០គីឡូម៉ែត្រតភ្ជាប់ពី រាជធានីភ្នំពេញទៅកាន់បណ្ដារាជធានីខេត្តនៅទូទាំងប្រទេស ដោយអ៊ុតបេតុងកៅស៊ូ ដែលបច្ចុប្បន្នយើង អាចធ្វើដំណើរទៅកាន់បណ្តាខេត្តជាប់ព្រំដែនបានយ៉ាងងាយស្រួល និងឆាប់រហ័ស ។
បច្ចុប្បន្នកម្ពុជាមានបណ្ដាញផ្លូវថ្នល់ ផ្លូវដែក ផ្លូវទឹក ផ្លូវអាកាស និងភស្តុភាកម្មកាន់តែល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃក្នុងនោះ៖ ផ្លូវជាតិសំខាន់ៗមួយចំនួន មានការពង្រីកពីពីរគន្លងទៅបួនគន្លង ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ គ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់បណ្តោះ អាសន្នក្នុងខែតុលា រួមជាមួយនឹងគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត តភ្ជាប់ជាមួយទីក្រុងហូជីមិញ គ្រោងបើកការដ្ឋានសាងសង់នៅក្នុងពេលខាងមុខនេះផងដែរ។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានចង្អុលបង្ហាញពីសារសំខាន់នៃទីតាំងភូមិសាស្ត្ររបស់ប្រទេស កម្ពុជាស្ថិតនៅចំណុចកណ្តាល និងជាបេះដូងរបស់អាស៊ាន អាចប្រើប្រាស់ជាមជ្ឈមណ្ឌលឧស្សាហកម្ម មួយសម្រាប់បម្រើឱ្យអ្នកប្រើប្រាស់ដែលជាអតិថិជនប្រមាណ ៦៥៥លាននាក់ ព្រម ទាំងជាចំណុចកណ្តាល នៃបណ្តាប្រទេសមហាអនុតំបន់មេគង្គ ដែលអាចប្រែក្លាយកម្ពុជាទៅជាមជ្ឈមណ្ឌលដឹកជញ្ជូន និងភស្តុភារកម្មសម្រាប់បម្រើឱ្យអតិថិជនប្រមាណ៣៣៤លាននាក់ផងដែរ។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានគាំទ្រយ៉ាងពេញទំហឹងចំពោះគំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុន FedEx ដែលបានលើកឡើង និងចង់ឃើញនូវការហោះហើរមកផ្ទាល់នៃយន្តហោះដឹកទំនិញរបស់ក្រុមហ៊ុន FedEx មកកម្ពុជា និងបានស្នើឱ្យក្រុមហ៊ុនជួបពិភាក្សាជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធ និងបានណែនាំឱ្យមន្ត្រីជំនាញពាក់ព័ន្ធរបស់ក្រសួងជួយសម្រប សម្រួលដើម្បីឱ្យក្រុមហ៊ុនអាចពង្រីកប្រតិបត្តិការ អាជីវកម្មរបស់ខ្លួននៅក្នុងព្រះរាជា ណាចក្រកម្ពុជាបានល្អប្រសើរ៕


