
ក្រុមហ៊ុនធំៗចំនួន ១២ នឹងផ្តល់ឱកាសការងារថ្មីបន្ថែមទៀតសរុបចំនួន ៧២១ កន្លែង ជូនដល់យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារនៅក្នុងវេទិកាការងារ និងកម្មសិក្សាការងារ ដែលរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយ ស.ស.យ.ក. វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ (NIB) នាថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះ។
ក្រុមហ៊ុនធំៗទាំង១២ ដែលនឹងចូលរួមក្នុងវេទិកាការងារនេះរួមមាន៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី, ធនាគារ ជីប ម៉ុង ខមមើសល ប៊ែង ម.ក, ក្រុមហ៊ុន HSC គ្រុប, អង្គការប្រព័ន្ធទិន្នន័យ(DDD), ក្រុមហ៊ុន Sastra Film Cambodia, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជេកស៍, ក្រុមហ៊ុន NAGA WORLD, ក្រុមហ៊ុន ស្មាន, ម៉ាស្ទ័រ ស៊ុគីស៊ុប, ក្រុមហ៊ុន BDLINK, ក្រុមហ៊ុន ក្រៀល cambodia និងក្រុមហ៊ុន DAI-ICHI-Life។
លោកស្រី វង វណ្ណារី មន្ត្រីជ្រើសរើសបុគ្គលិកជាន់ខ្ពស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK លើកឡើងថានៅថ្ងៃទី១១ ខាងមុខនេះ AMK នឹងនាំយកឱកាសការងារជាច្រើនកន្លែងផ្តល់ជូនដល់យុវជន សិស្ស/និស្សិត។ លោកស្រីបន្ថែមថា AMK បានសហការជាមួយ NEA ជាច្រើនលើកមកហើយក្នុងការជ្រើសរើសបុគ្គលិក ហើយមូលហេតុដែល AMK បន្តសហការជាមួយនឹង NEA ព្រោះ NEA បានដើរតួនាទីដ៏សំខាន់ក្នុងការជួយផ្សព្វ ផ្សាយពីតម្រូវការជ្រើសរើសបុគ្គលិករបស់យើងបានយ៉ាងទូលំទូលាយទៅដល់សាធារណជន ពិសេសអ្នកស្វែងរកការងារធ្វើ។ លោកស្រី ពិតជាថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះការខំប្រឹងប្រែងរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ ក្នុងការជួយដល់សិស្សិនិស្សិតន និងក្រុមហ៊ុន។ លោកស្រីបន្ថែមថាការចូលរួមសហការជាមួយ NEA នេះ នឹងរួមចំណែកដ៏សំខាន់ក្នុងការជ្រើសរើសបុគ្គលិកប្រកបដោយគុណភាព និងទាន់តម្រូវការ។
ចំពោះសិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារអាចយកប្រវត្តិរូបសង្ខេប(CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយ អ្នកតំណាងក្រុមហ៊ុនទាំងនោះបាន ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង៥ល្ងាច នៅក្នុងបរិវេណនៃវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រជាប់ផ្សារស្ទឹងមានជ័យថ្មី៕

