
ក្រុមហ៊ុន YCH Group បង្ហាញបំណងវិនិយោគលេីហេដ្ឋា រចនាសម្ព័ន្ធតភ្ជាប់នៅកម្ពុជា: វិស័យដឹក ជញ្ជូន និងឡូជីស្ទីក។ នេះជាការបញ្ជាក់របស់ លោក Robert Yap ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន YCH Group ក្នុងជំនួបសម្ដែងការគួរសមជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅវិមានសន្តិភាព។
លោកប្រធានក្រុមហ៊ុន បានគោរពជម្រាបជូនសម្ដេចបវរធិបតីអំពីអាជីវកម្មរបស់ក្រុមហ៊ុន ដែលកំពុងប្រតិបត្តិការនៅតាមបណ្ដាប្រទេសចំនួន១៦ ហើយក្រុមហ៊ុនមានឧត្តមភាពលើផ្នែកដឹកជញ្ជូន និងឡូជីស្ទីក ដែលបានធ្វើឱ្យក្រុមហ៊ុនប្រែក្លាយជាក្រុមហ៊ុនឈានមុខមួយ នៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់សម្រាប់តំបន់អាស៊ី។
លោកប្រធានក្រុមហ៊ុន ក៏បានសម្ដែងនូវចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះកម្ពុជា ដែលសម្រេចបាននូវកំណើនសេដ្ឋ កិច្ចមួយដ៏ខ្ពស់ប្រកបដោយចីរភាព។
តាមរយៈនេះ ក្រុមហ៊ុនក៏បានសម្លឹងឃើញនូវកាលានុវត្តភាព និងសក្ដានុពលជាច្រើននៅក្នុងប្រទេសកម្ពុជា ដោយក្រុមហ៊ុនបានបង្ហាញបំណងវិនិយោគទៅលើហេដ្ឋារចនា សម្ព័ន្ធតភ្ជាប់ ដែលរួមមានវិស័យដឹកជញ្ជូន និងឡូជីស្ទីក ជាដើម។
សម្ដេចបវរធិបតីបានគូសបញ្ជាក់អំពីសារសំខាន់នៃវិស័យនេះ ដែលធានាបាននូវភាពប្រកួតប្រជែងរបស់កម្ពុជាទាំងនៅក្នុងតំបន់ និងពិភពលោក។
ក្នុងន័យនេះ រាជរដ្ឋាភិបា លកម្ពុជាបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការកសាងប្រព័ន្ធហេដ្ឋារចនា សម័្ពន្ធតភ្ជាប់ ដើម្បីគាំទ្រទៅដល់វិស័យដឹកជញ្ជូន និងឡូជីស្ទីក មានជាអាទិ៍៖ អាកាសយានដ្ឋានអន្តរជាតិ, កំពង់ផែទឹកជ្រៅ, ផ្លូវល្បឿនលឿន, ការលើកកម្ពស់គុណភាពផ្លូវដែក និងហេដ្ឋារចនា សម្ព័ន្ធផ្លូវ ស្ពាន ថ្នល់ ជាច្រើន។
សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់បន្ថែមថា ទន្ទឹមនឹងការទាក់ទាញវិនិយោគិនថ្មីៗមកកម្ពុជា រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ជាអាទិភាពចំពោះការធានាឱ្យបាននូវបរិយា កាសអំណោយផល ភាពប្រកួតប្រជែង ភាពរីកចម្រើន, និងភាពជោគជ័យរបស់វិស័យឯកជន ដែលកំពុងតែមានប្រតិបត្តិការអាជីវកម្ម និងវិនិយោគនៅកម្ពុជា។
ជាមួយគ្នានេះ សម្ដេចបវរធិបតីក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តពិភាក្សាឱ្យបានលម្អិត និងគ្រប់ជ្រុងជ្រោយបន្ថែមទៀតជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល ក្នុងការរៀបចំផែនការ អាជីវកម្មសម្រាប់ពេលអនាគត របស់ក្រុមហ៊ុន៕

