ក្រុមអនាធិបតេយ្យ ចំនួន០៣នាក់ ត្រូវបាននគរបាលក្រុងព្រះសីហនុ សម្រេចកសាងសំណុំរឿងបញ្ជូនទៅ ស្នងការដ្ឋាន នគរបាលខេត្ត ចាត់ការបន្ត ខណៈពីរនាក់ផ្សេងទៀត អោយទៅសំរាកនៅមន្ទីរពេទ្យបង្អែកសិន និងម្នាក់ទៀតលួចរត់គេច ខ្លួនពេលបញ្ជូនដល់ពេទ្យដោយបន្លំធ្វើឈឺ។
នៅវេលាថ្ងៃត្រង់ ថ្ងៃអាទិត្យទី០៨ ខែកក្កដា ឆ្នាំ២០១៨នេះ ក្រុមពលរដ្ឋ ដើរចាប់ដីអនាធិបតេយ្យ ចំនួន០៣នាក់ ក្នុង ចំណោម ០៦នាក់ ដែលបាននាំខ្លួនមកសួរនាំកាលពីម្សិលមិញនេះ ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាល ខេត្ត ព្រះសីហនុ ហើយ ដើម្បីចាត់ការបន្តពាក់ពន្ធ័ការនាំគ្នាដើចាប់ដីអនាធិបតេយ្យ នៅចំណុចមុខរោងចក្រសាន់វ៉ា ស្ថិតក្នុង ក្រុម៣៥ ភូមិ៣ទំនប់រលក សង្កាត់លេខ១ ក្រុងព្រះសីហនុ គ្រាដែលយុទ្ធនាការឃោសនារកសំលេងឆ្នោត បានឈានចូល មកដល់។
ក្រុមពលរដ្ឋទាំងនេះ បើតាមប្រភពថា ជាក្រុមដែលតែងប្រមូលគ្នាដើរចាប់ដីរដ្ឋ ដោយបំពានតាមការញុះញង់របស់មេខ្យល់ រួចលើកគ្នាតវ៉ាស្នើសុំកាន់កាប់ ឬដោះដូរគោលនយោបាយ (ពូកគេប្រើយុទ្ធសាស្ត្រឈ្នះបានដី ចាញ់បានលុយ) នៅរាល់ពេលរដូវកាលបោះឆ្នោតជិតឈានមកដល់ម្តងៗ។
ជុំវិញករណីនេះ លោក ភុល ភស្តា អធិការនគរបាល ក្រុងព្រះសីហនុ បានបញ្ជាក់ថា មានសង្ស័យចំនួន ០៣នាក់ ត្រូវបាន បញ្ជូនទៅតុលាការ ចំណែក០២នាក់ទៀត អោយទៅសំរាកនៅពេទ្យសិនរងចាំការសួរនាំតាមក្រោយ បន្ទាប់ពីសុខភាព បានល្អប្រសើរឡើងវិញ ចំណែកម្នាក់ទៀត ឈ្មោះ អ៊ន់ ឈុនលាង ភេទស្រី អាយុ58ឆ្នាំ ដែលប្រើល្បិចធ្វើជាឈឺ ហើយលួចរត់គេចខ្លួនតែម្តង ពេលនេះ កំពុងសុំដីកាពីព្រះរាជអាជ្ញាដើម្បីតាមចាប់ខ្លួន។
លោក ភុល ភស្តា អធិការនគរបាលក្រុងព្រះសីហនុ បញ្ជាក់ទៀតថា តាមការសាកសួរលើជនសង្ស័យទាំង ០៦នាក់ ខាងលើ បានអោយដឹងថា ពួកគាត់ពិតជាបានសាងសង់ផ្ទះរំលោភយកដីចំណីផ្លូវរថភ្លើងយកធ្វើជាកម្មសិទ្ធ ដោយគ្មានលិខិត ឬឯកសាសំគាល់ និងគ្មានអាជ្ញាធររដ្ឋអំណាចណាទទួលស្គាល់ឡើយ។
បើតាមប្រភពច្បាស់ការអោយដឹងថា ក្នុងចំណោមជនអនាធិបតេយ្យដីធ្លីទាំង០៦នាក់នេះ មានស្រ្តីម្នាក់ ឈ្មោះ ឈុន វន្នី ដែលគេដឹងថាជាជើងខ្លាំងម្នាក់ តែងនាំអ្នកដទៃតវ៉ាជាច្រើនកន្លែងនៅក្រុង ព្រះសីហនុ ក្នុងនោះក៏ធ្លាប់មានវត្តមានក្នុងការ តវ៉ាយ៉ាងខ្លាំងក្លា ក្នុងការការពារដីធ្លីអោយស្រ្តីម្នាក់ក្នុងជំលោះដណ្តើមដីធ្លីនៅតំបន់អូរដំរីថ្មីៗនេះផងដែរ។
តាមការបញ្ជាក់ពីក្រុមពលរដ្ឋខ្លះក្នុងចំណោមក្រុមអនាធិបតេយ្យទាំងនេះថា ពួកគេជាពលរដ្ឋដែលរស់នៅ ក្រុម៣៥ ភូមិ ទំនប់រលក សង្កាត់លេខ១ ក្រុងព្រះសីហនុ។ អ្នកខ្លះបានទិញដីជាប់ផ្លូវរថភ្លើងនេះតៗគ្នា ក្នុងតំលៃថោកៗ ដើម្បីធ្វើផ្ទះនៅ ដោយលើកហេតុថា ពួកគេជាជនក្រីក្ររស់នៅដោយជួលផ្ទះគេ។ តែអ្នកខ្លះទៀតថា ឃើញគេចាប់នៅបាន ក៏មកចាប់តាម គេដែរ ក្រែងថ្ងៃក្រោយរដ្ឋមានការដោះដូរគោលនយោបាយណាមួយជួនពួកគេវិញ។
ករណីនេះ មានប្រភពសុំមិនបញ្ចេញអត្តសញ្ញាណមួយបានបង្ហើបថា ក្រុមពលរដ្ឋទាំងនេះមានមេខ្យល់នាំអោយធ្វើ ហើយពេលនេះមេខ្លោងនោះកំពុងត្រៀមអន្តរាគមន៏ដើម្បីជួយសំរួលដោះលែងពួកគេអោយទៅផ្ទះវិញផងដែរ។
មជ្ឈដ្ឋានសង្គមស៊ីវិលមួយចំនួននៅខេត្តព្រះសីហនុ ដែលតាមឃ្លាំមើលសកម្មភាពក្រុមជនទាំងនេះ ចង់ឃើញអាជ្ញាធរ ក្រុង/ខេត្ត និងសមត្ថកិច្ចពង្រឹងការអនុវត្តច្បាប់អោយបានតឹងរឹងបំផុត ចំពោះក្រុមអនាធិបតេយ្យទាំងឡាយ ដែលចេះតែ បន្តបង្កភាពអនាធិបតេយ្យជាបន្តបន្ទាប់ឥតឈប់ឈរ និងស្នើអោយអាជ្ញាធរខេត្តក៏ដូចជាសមត្ថកិច្ច គួរតាមវែកមុខមេខ្យល់ នៅពីក្រោយមកដាក់ទោសទណ្ឌផងដែរ។
គួរកត់សំគាល់ថា សកម្មភាពនាំគ្នាចាប់ដីចែកគ្នានេះដែរ ត្រូវគេសង្គេតឃើញថា មានសភាពផុលផុសខ្លាំងនៅដំណាក់ កាលនៃរដូវកាលបោះឆ្នោតនេះតែម្តង បើទោះជាកន្លងមក រដ្ឋបាលខេត្តព្រះសីហនុ ឯកឧត្តម យន្ត មីន បានអំពាវនាវ ជាបន្តបន្ទាប់អោយបញ្ឈប់រាល់សកម្មភាពនាំគ្នាដើរចាប់ដីអនាធិបតេយ្យយ៉ាងណាក្តី។
សូមបញ្ជាក់ថា ក្រុមពលរដ្ឋអនាធិបតេយ្យដីធ្លីទាំង០៦នាក់នេះ ត្រូវបាននគរបាល ក្រុងព្រះសីហនុ បាននាំខ្លួនមកសាកសួរ កាលពីរសៀលថ្ងៃសៅរិ៍ទី៧ ខែកក្កដា ឆ្នាំ២០១៨ គ្រាដែលពូកគេជាច្រើននាក់ បាននាំគ្នាទៅចាប់ដីផ្លូវរថភ្លើងចែកគ្នា មានទីតាំងនៅមុខរោងចក្រ សាន់វ៉ា ស្ថិតក្នុងភូមិទំនប់រលក សង្កាត់លេខ១ ក្រុងព្រះសីហនុ គ្រាដែលដីឡើងថ្លៃ និងស្របពេលរដូវឃោសនាបោះឆ្នោតផងអាជ្ញធរតែងយោគយល់ដល់ពួកគាត់ច្រើននាពេលកន្លងមក។
ក្រុមជនសង្ស័យទាំង០៦នាក់នេះរួមមាន៖
1_ឈ្មោះ ឈុន វន្នី ភេទស្រី អាយុ57ឆ្នាំ មុខរបរ កម្មករជួសមង
2_ឈ្មោះ នូន ថូ ភេទស្រី អាយុ36ឆ្នាំ មុខរបរ រើសអេតចាយ
3_ឈ្មោះ បឿន វណ្ណា ភេទប្រុស អាយុ67ឆ្នាំ មុខរបរ កម្មក
4_ឈ្មោះ ងិន សុខខុន ភេទស្រី អាយុ55ឆ្នាំ មុខរបរ អ្នកអនាម័យ
5_ឈ្មោះ អ៊ុង ណាវី ភេទស្រី អាយុ49ឆ្នាំ មុខរបរលក់បបរ
6_ឈ្មោះ អ៊ន់ ឈុនលាង ភេទស្រី អាយុ58ឆ្នាំ (បានគេចខ្លួនក្នុងពេលសម្ថកិច្ចជួយសង្គ្រោះមានអាការ:ជំងឺបេះដូង នៅមន្ទីរពេទ្យបង្អែកចំការចេកខេត្តព្រះសីហនុ ) មុខរបរលក់់បាយ។
អ្នកទាំង06 បច្ចុប្បន្នរស់នៅក្រុមទី35 ភូមិ3ទំនប់រលក សង្កាត់លេខ1 ក្រុងព្រះសីហនុ៕ មនោរា















