ខេត្ដកំពង់ស្ពឺ ៖ កំលាំងនគរបាលស្រុកសំរោង បានបើកកិច្ចប្រតិបត្តិការ បង្ក្រាបស្រាវជ្រាវយ៉ាងក្ដៅគគុក លើក្រុមចោរឆក់មួយសំបុក នៅវេលាម៉ោង ១១ និង៣៥នាទីព្រឹក ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ ក្រោយទទួលបានព័ត៌មានតាមទូរស័ព្ទ ពីជនរងគ្រោះ ថាមានករណីឆក់ទូរស័ព្ទ (ករណីលួចមានស្ថានទម្ងន់) នៅតាមផ្លូវជាតិលេខ៤ ស្ថិតនៅក្នុងភូមិរលាំងសង្កែ សង្កាត់សុព័ទេព ឆ្ពោះទៅទិសខាងកើត។ កំលាំងអន្ដរាគមន៍ របស់ស្រុកសំរោងទង បានចេញស្ទាក់ភ្លាមៗ ធ្វើឲ្យជនល្មើស ផ្ដួលម៉ូតូរត់គេច់ខ្លួន ចូលទៅក្នុងសាលាអនុវិទ្យាល័យចំបក់ កំលាំងតាមប្រមាញ់ឃាត់បាន ១នាក់ ឈ្មោះ មុឹល រ៉ូយ៉ាល់ ប្រុស អាយុ ២២ឆ្នាំនៅភូមិស្វាយដង្គុំ ឃុំស្គុះ ស្រុកសំរោងទង។
តាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើ កំលាំងស្រុកសំរោងទង បានបន្ដសហការជាមួយខាងក្រុងច្បារមន ជំនាញព្រហ្មទណ្ឌកំរិតធ្ងន់ខេត្ដ ឈានទៅឃាត់មុខសញ្ញាឈ្មោះ ឌឺ វណ្ណនុន ភេទប្រុស ១៧ឆ្នាំ នៅភូមិរំលោងប្រឃ្លះ សង្កាត់សុព័រទេព ក្រុងច្បារមន, (ជាបក្ខពួកចូលរួមប្រព្រឹត្ដ) ឈ្មោះ ឃុន លីដា ភេទប្រុស ២៨ឆ្នាំ រស់នៅភូមិបែលហែល សង្កាត់សុព័រទេព, (បក្ខពួកសមគំនិតផ្ដល់ផ្ទះស្នាក់) ឈ្មោះ សុីម សៅនិត ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិតាំងក្រសាំង ឃុំព្នាយ ស្រុកសំរោងទង, (បក្ខពួក) ឈ្មោះ អ៊ុន ចាន់ដារ៉ា ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិសំពៅ ឃុំព្នាយ ស្រុកសំរោងទង, (បក្ខពួក) ឈ្មោះ ភុំ សុខជា ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិតាំងក្រសាំង ឃុំព្នាយ, (បក្ខពួក) ឈ្មោះ គង់ វិចិ្ឆការ ភេទប្រុស ១៧ឆ្នាំ រស់នៅភូមិអង្គសេរី សង្កាត់សុព័រទេព ក្រុងច្បារមន, ដែលកន្លងមកនេះក្រុម បានធ្វើសកម្មភាពឆក់នៅតាមផ្លូវជាតិចំនួន ០៤លើកមកហើយដែរ៖
លើក១- ឆក់នៅសួនច្បារ ខេត្ដកំពង់ស្ពឺ
លើកទី២- ឆក់នៅផ្លូវអង្គឌួង ខាងជើងផ្សារអង្គមេត្រី
លើកទី៣- ឆក់តាមផ្លូវជាតិលេខ ៤ ផ្សារថ្នល់ទទឹង
លើកទី៤- ត្រូវសមត្ថកិច្ចបង្ក្រាបបានតែម្ដង។
ក្រោយធ្វើការឃាត់ខ្លួនបានក្រុមជនសង្ស័យ នគរបាលដកហូតបានវត្ថុតាងរួមមាន ម៉ូតូចំនួន០៣គ្រឿង ម៉ាកស្មាស់រីវូ ម៉ាក Honda Dream និងទូរស័ព្ទដៃ ០១គ្រឿងផងដែរ។
បច្ចុប្បន្នក្រុមជនសង្ស័យ រួមនឹងវត្ថុតាង កំលាំងជំនាញបានកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការតាមនីតិវិធី៕ អ៊ុ ណូន









