ព្រៃវែង ៖ បុរសម្នាក់ ត្រូវកម្លាំងសមត្ថកិច្ចនគរបាលឃុំឫស្សីស្រុក ធ្វើការឃាត់ខ្លួនពាក់ពន្ធ័ទៅនឹងករណីហឹង្សា យកញញួ វាយក្បាលប្រពន្ធ បណ្តាលឲ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង១និង១៥នាទីរសៀល ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចផ្ទះរបស់ខ្លួន ស្ថិតក្នុងភូមិឥដ្ឋ ឃុំឬស្សីស្រុក ស្រុកពាមជរ ខេត្តព្រៃវែង។
សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យជាប្តី ដែលបានឃាត់ខ្លួនមានឈ្មោះ សី វ៉េ ភេទប្រុស អាយុ៤៧ឆ្នាំ រីឯជនរងគ្រោះជា ប្រពន្ធមាន ឈ្មោះ ហុក សុផល ភេទស្រី អាយុ៤២ឆ្នាំ មានទីលំនៅភូមិឃុំខាងលើ ត្រូវជនសង្ស័យជាប្តី យកញញួវាយ បណ្តាលឲ្យរងរបួសក្បាលពីរកន្លែងធ្ងន់ធ្ងរ ត្រូវសាច់ញាត្តិដឹកបញ្ជូនយកទៅព្យាបាលនៅមន្ទីរពេទ្យ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលប៉ុស្តិ៍ ដែលបានដកស្រង់យកពីប្រភពអ្នកជិតខាង បានឲ្យដឹងថា ករណីហឹង្សាក្នុងគ្រួសារនេះ គឺផ្តើមចេញពីរឿងប្តីត្រឡប់មកពីនេសាទត្រីវិញ ហើយបានយកត្រីខ្លះទៅឲ្យបងប្អូនរបស់ខ្លួន មិនបានប្រាប់ប្រពន្ធ ធ្វើឲ្យប្រពន្ធខឹង ជេរប្ដី ទើបធ្វើឲ្យបុរសជាប្តីខឹង ក៏ទាញយកញញួទៅវាយប្រពន្ធឲ្យរងរបួសតែម្ដង។
ភ្លាមៗនោះ ក្រោយទទួលបានព័ត៌មានពីករណីហឹង្សានេះ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ បានចុះទៅធ្វើការឃាត់ខ្លួន បុរសជាប្តី យកមកសាកសួរដើម្បីបំពេញបែបបទតាមនីតិវិធី៕ សុឹម សាន់










