ខេត្តព្រៃវែង ៖ បុរសម្នាក់ខឹងប្រពន្ធស្តីបន្ទោស រឿងគិតតែពីដើរលេងល្បែងសុីសង មិនគិតខំប្រឹងរកសុីចិញ្ចឹមគ្រួសារ តូចចិត្ត បានយកក្រមា ចងកធ្វើអត្តឃាតសម្លាប់ខ្លួនឯង នៅក្នុងបន្ទប់ដេក លើផ្ទះរបស់ខ្លួន។
ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលឡើង ខណៈប្រពន្ធទៅរុញទ្វារបន្ទប់ ក៏ប្រទះឃើញសព កាលពីវេលាម៉ោង 7និង30នាទីព្រឹក ថ្ងៃទី8 ខែសីហា ឆ្នាំ2018 នៅលើផ្ទះជនធ្វើអត្តឃាត ស្ថិតក្នុងភូមិគក ឃុំអង្គរទ្រេត ស្រុកស្វាយអន្ទរ ខេត្រព្រៃវែង។ ជនធ្វើអត្តឃាតខ្លួនឯងឈ្មោះ នី ប៊ុនថេង ភេទប្រុស អាយុ២៨ឆ្នាំ មានប្រពន្ធឈ្មោះ ឈឺន ចាន់រដ្ឋ រស់នៅភូមិ ឃុំខាងលើ។
បើតាមប្រភពព៌តមាន និយាយឲ្យដឹងថា នៅល្ងាចថ្ងៃ7 ខែសីហា ឆ្នាំ2018 បុរសធ្វើអត្តឃាត បានមកពីដើរលេងសុីសង ប្រហែលជាចាញ់អស់លុយ ពេលមកដល់ផ្ទះវិញ ស្ត្រីជាប្រពន្ធក៍បានស្តីបន្ទោសឲ្យបួនប្រាំម៉ាត់ ថាគិតតែពីដើរលេងល្បែងសុីសងទៅ មិនបាច់ប្រឹងរកស៊ីចិញ្ចឹមគ្រួសារនោះទេ។ បន្ទាប់ពីប្រពន្ធស្តីបន្ទោសរួច បុរសជាប្តីក៍បានខឹងមិនហូបបាយ ហើយក៏ចូលទៅក្នុងបន្ទប់ដេក បិទទ្វារជិត។ ចំណែកប្រពន្ធដេកជាមួយកូន នៅក្នុងបន្ទប់ផ្សេងពីគ្នា។ លុះព្រឹកឡើង ថ្ងៃទី8 សីហា វេលាម៉ោងជាង7ព្រឹក ប្រពន្ធមិនឃើញប្តីចេញពីបន្ទប់ ក៍ទៅច្រានទ្វារបន្ទប់ ប្រទះឃើញបុរសជាប្តី បានចងកនឹងក្រមាជាប់រនងផ្ទះ ស្លាប់បាត់បង់ជីវិតទៅហើយ។
ក្រោយទទួលបានព៌តមាន កម្លាំងនគរបាលជំនាញ សហការជាមួយនគរបាលប៉ុស្តិ៍ ចុះទៅពិនិត្យ និងធ្វើកោសល្យវិច្ច័យ រួចបានសន្និដ្ធានថា ជននេះគឺពិតជាស្លាប់ដោយសារធ្វើអត្តឃាត (ចងក) សម្លាប់ខ្លួនឯងពិតប្រាកដមែន មិនមានស្លាកស្នាមណាមួយ ពាក់ពន្ធ័ករណីផ្សេងឡើយ។បន្ទាប់មកក៍មានការឯកភាពពីក្រុមគ្រួសារ ទើបសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់សពជូនក្រុមគ្រួសារ រៀបចំធ្វើបុណ្យតាមប្រពៃណី។
ប្រភពពីមហាជនជាច្រើន បានលួចខ្សឹបប្រាប់ថា នៅក្នុងស្រុកស្វាយអន្ទរនេះ កើតមានវង់ល្បែងសុីសងច្រើនកន្លែងណាស់ ដូចជា: បៀរ អាប៉ោង កន្ទុយលេខ ឆ្នោតវៀតណាម ចាក់បាល់ ជល់មាន់ ចាក់មាន់ជល់តាមទូរទស្សន៍តាមហាងកាហ្វេជាច្រើនកន្លែង ជាពិសេសគ្រឿងញៀន មនុស្សញៀនថ្នាំក៍ច្រើន ធ្វើឲ្យពួកគាត់មានការព្រួយបារម្ភយ៉ាងខ្លាំង អំពីភូមិ ឃុំអសុវត្ថិភាព កើតមានករណីចោរលួច ចោរប្លន់ ចោរឆក់ អំពើហឹង្សា និងមានអ្នកខ្លះគិតខ្លី ដូចជាករណីខាងលើនេះអញ្ចឹង៕ សុឹម សាន់








