ខេត្តកណ្ដាល៖ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទ ក្រហមកម្ពុជាខេត្តកណ្ដាល នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សាខាកាកបាទ ក្រហមកម្ពុជាខេត្តកណ្ដាល ជូនប្រជាពលរដ្ឋដែលមាន ការសង្ស័យ បានឆ្លងជំងឺគ្រុនឈិក ប្រមាណ១៨៥នាក់ ស្ថិតនៅភូមិខ្លាត្រាំ ឃុំកំពង់ហ្លួង ស្រុកពញាឭ ខេត្តកណ្ដាល។

ឯកឧត្ដម អភិបាលខេត្ត ក៏បានឱ្យដឹងទៀយថា ជំងឺគ្រុនឈិកនេះជាប្រភេទជំងឺថ្មី មួយប្រភេទទៀត ដែលវាបានធ្វើអោយអ្នកដែលបានឆ្លងជំងឺនេះ មានអការៈក្តៅខ្លួនខ្លាំង មុខឡើង ក្រហម ហើយនៅលើខ្លួនមាន ឡើងកន្ទួលក្រហមតូចៗ ហើយអ្វីដែលពិសេសជាងនេះទៅទៀតនោះ គឺអ្នកជំងឺអាចមានសភាពឈឺចាប់នៅតាមសន្លាក់ ដៃជើង ហើយជំងឺនេះឆ្លងតាមរយៈមូសខ្លាញីគឺជាភ្នាក់ ងារចម្លង។

ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវដល់បងប្អូនប្រជាពល រដ្ឋ ដែលមានការសង្ស័យបានឆ្លងជម្ងឺគ្រុនឈិក ត្រូវប្រញាប់នាំអ្នកជំងឺទៅរកសេវាពិនិត្យ និងព្យាបាលរបស់រដ្ឋ ដូចជាមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកដែលនៅជិតបំផុត កុំសាកល្បងព្យាបាលអ្នកជំងឺដោយខ្លួនឯង ឬពន្យារពេលតាមដានព្យាបាលអ្នកជំងឺក្នុងសេវាឯកជន ដែលគ្មានសមត្ថ ភាពផ្នែកជំងឺគ្រុនឈិកឲ្យសោះ៕
ប្រភព៖ រដ្ឋបាលខេត្តកណ្តាល
សំ វណ្ណា






