
ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញប្រកាសទទួលស្គាល់ខេត្តកំពង់ធំ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាល ពាសកាល (ODF) នាព្រឹកថ្ងៃទី១៦ ខែមករាឆ្នាំ២០២៥។ ឯកឧត្តម នួន ផារ័ត្ន អភិបាល ខេត្តកំពង់ធំ បានបញ្ជាក់ថា ក្នុងខេត្តកំពង់ធំ មានចំនួនខ្នងផ្ទះប្រើប្រាស់បង្គន់សរុប ១៧ម៉ឺន ៤ ៧៦០ខ្នងផ្ទះ ស្មើនឹង ១០០% ក្នុងនោះមានខ្នងផ្ទះប្រើប្រាស់បង្គន់ផ្ទាល់ខ្លួន ចំនួន ១៦ ម៉ឺន ២ ៨៧២ខ្នងផ្ទះ ស្មើនឹង ៩៣,២០% និងខ្នងផ្ទះប្រើបង្គន់រួម ចំនូន ១១ ៨៨៨ខ្នងផ្ទះ ស្មើនឹង៦,៨០%។ ក្នុងខេត្តកំពង់ធំ មានក្រុង ស្រុក សរុបទាំង៩ ទទួលបាន ODF ១០០%, ឃុំ-សង្កាត់ចំនួន ៨១ មាន ៧៥ ឃុំ-សង្កាត់ ទទួលបាន ODF និង មាន ឃុំ- សង្កាត់ ចំនួន៦ ទទួលបាន ODF Plus និងភូមិសរុបទាំងអស់ ៧៨៣ភូមិ មាន៥៤៧ភូមិ ជាភូមិ ODF និង ២៣៦ ភូមិ ជាភូមិ ODF Plus ។
ឯកឧត្តម ឆាយ ឫទ្ធិសែន បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន និងសមិទ្ធផលនានា ដែលខេត្តកំពង់ធំ សម្រេចបាននាពេលកន្លងមកលើគ្រប់វិស័យ ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ សេដ្ឋ កិច្ច សង្គមកិច្ច និងវប្បធម៌ ជាពិសេសការកែលម្អលក្ខខណ្ឌនៃការរស់នៅ តាមរយៈការលើកកម្ពស់ការផ្តល់សេវាទឹកស្អាត និងអនាម័យ។
ជាក់ស្ដែងការសម្រេចនូវការបញ្ចប់បន្ទោបង់ពាស វាលពាសកាលនៅទូទាំងខេត្ត នាពេលនេះព្រមទាំងបានអំពាវ នាវដល់រដ្ឋបាលខេត្ត និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ឱ្យបន្តការចូលរួមលើការផ្គត់ផ្គង់ទឹក និងអនាម័យជនបទ ជាពិសេសគឺការរិះរកយន្តការរក្សានិរន្តរភាពខេត្ត ODF និងជំរុញការងារទៅសម្រេច ODF Plus។
ឯកឧត្ដមរដ្ឋមន្រ្ដី បានបន្តទៀតថាក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងបន្តអនុវត្តផែនការសកម្មភាពជាតិស្តីពី ការផ្គត់ផ្គង់ទឹក ការសំអាត និង អនាម័យជនបទ ដែលសម្រេចបានអត្រាគ្របដណ្តប់ទឹកស្អាត និងអនាម័យទូទាំងប្រទេសប្រមាណ ៨៨,៨០ % ក្នុងនោះអត្រាគ្របដណ្តប់ទឹក ៨៦,០៩% និងអនាម័យ ៩១,៤៧% ហើយបានកំណត់ថា នៅឆ្នាំ២០៣០ ប្រជាពលរដ្ឋនៅទូទាំងប្រទេសមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ និងការប្រតិបត្តិអនាម័យ ១០០% ព្រមទាំងរស់នៅក្នុងបរិស្ថានប្រកបដោយនិរន្ដរភាព ។
សូមរំលឹកផងដែរថា៖ គិតត្រឹមថ្ងៃនេះ មានរាជធានី/ខេត្ត ចំនួន ១៥ហើយ ដែលសម្រេចបានជារាជធានី/ខេត្ត បញ្ចប់ការបន្ទោ បង់ពាសវាលពាសកាល (ODF+ និង ODF) រួមមាន៖ រាជធានីភ្នំពេញ ខេត្តស្វាយរៀង ព្រៃវែង កណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង កែប ព្រះសីហនុ កំពង់ចាម រតនគីរី សៀមរាប ត្បូងឃ្មុំ តាកែវ ខេត្តស្ទឹងត្រែង និងខេត្តកំពង់ធំ ដែលជាខេត្តទី១៥ផងដែរ៕ដោយសំនៀង


