
ខេត្តត្បូងឃ្មុំ:គិតត្រឹមរសៀលថ្ងៃទី២២មិនា ២០២០នេះខេត្តត្បូងឃ្មុំមានប្រជាពលរដ្ឋចំនួន ៤នាក់បានឆ្លងវីរុសCOVIT-19 ហើយកំពុងតែស្ថិតក្រោមការថែទាំពីសំណាក់ក្រុមគ្រូពេទ្យដោយពួកគាត់មានសុខភាពល្អជាធម្មតា។
លោកវេជ្ជបណ្ឌិតកែវ វណ្ណៈប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ មានប្រសាសន៍ប្រាប់ភ្នាក់ ងារទូរទស្សន៍អាស៊ីអាគ្នេយ៍ថា:ប្រជាពលរដ្ឋដែលកើតជំងឺ covid-19 ក្នុងនោះមាន៣នាក់កំពុងតែសម្រាកព្យាបាលនៅក្នុងខេត្តត្បូងឃ្មុំនិងម្នាក់ទៀតត្រូវបានបញ្ជូនទៅព្យាបាលនៅរាជធានីភ្នំពេញ។
លោកប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំមានប្រសាសន៍បន្តឲ្យដឹងទៀតថា រហូតមកដល់ព្រឹកថ្ងៃទី២២មីនា២០២០ កម្លាំងមន្ទីរសុខាភិបាលខេត្តក្រោមកិច្ចសហការជាមួយនឹងក្រសួងសុខាភិបាលបានចុះទៅកាន់ស្រុកតំបែរនិងបានយកសំណាកជាង៣០ ដែលបានប៉ះពាល់ផ្ទាល់ជាមួយនឹងជនជាតិម៉ាឡេស៊ីនិងប្រយោលដើម្បីយកទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។
ដោយឡែកលោកវេជ្ជបណ្ឌិតអ៊ិន ម៉ារ៉ាឌី ប្រធានការិយាល័យសុខាភិបាលប្រតិបត្តិស្រុកមេមត់ ប្រាប់ឱ្យដឹងថាមានបុរសជនជាតិខ្មែរម្នាក់រស់នៅក្នុងស្រុកមេមត់បានទៅចូលរួមបុណ្យតាមប្រពៃណីរបស់បងប្អូនខ្មែរឥស្លាមនៅប្រទេសម៉ាឡេស៊ី។
ហើយនៅថ្ងៃទី១៨ មីនា២០២០ បានធ្វើដំណើរត្រឡប់មកវិញហើយត្រូវបានក្រុមគ្រូពេទ្យយកសំណាកទៅពិនិត្យឃើញមានផ្ទុកជំងឺ covid-19 ដោយបានឲ្យសម្រាកព្យាបាលជំងឺនៅបន្ទប់ដាច់ដោយឡែកក្នុងមន្ទីរពេទ្យបង្អែកស្រុកមេមត់ ហើយរហូតមក ដល់ល្ងាចថ្ងៃទី២២មីនា បុរសវ័យ៥២ឆ្នាំនោះមានសុខភាពល្អជាធម្មតា៕