ស៊ីអិនអិន៖ អាជ្ញាធរម៉ិកស៊ិក កំពុងស្វែងរកខ្មាន់កាំភ្លើង ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់១២នាក់ និង៣នាក់ទៀតរងរបួស បន្ទាប់ពីមានការបាញ់ប្រហារនៅក្នុងបារមួយកន្លែង នៅកណ្តាលប្រទេសម៉ិកស៊ិក កាលពីល្ងាចថ្ងៃសៅរ៍។
ស្នូរកាំភ្លើងត្រូវបានរាយការណ៍នៅឯបារក្នុងទីក្រុង អ៊ីរ៉ាពូតូ (Irapuato )នៅ កណ្តាលរដ្ឋ ហ្គូណាចាតូ (Guanajuato) នៅម៉ោងជិត៨យប់ ម៉ោងក្នុងស្រុក។
យោងតាមសេចក្តីថ្លែងការណ៍ បានឱ្យដឹងថា ក្រុមគ្រូពេទ្យបានបញ្ជាក់ពីការស្លាប់របស់មនុស្សប្រុសចំនួន៦នាក់ និងស្ត្រី៦នាក់បន្ទាប់ពីបានមកដល់កន្លែងកើតហេតុ។
គេនៅមិនទាន់ដឹងច្បាស់ថា ជនរងគ្រោះជានរណា ហើយមានខ្មាន់កាំភ្លើងប៉ុន្មាននាក់ជាប់ពាក់ព័ន្ធនឹងការបាញ់ប្រហារនោះទេ ដោយប្រតិបត្តិការស្វែងរកអ្នកវាយប្រហារកំពុងដំណើរការ។
គួរបញ្ជាក់ថា នេះជាការបាញ់ប្រហារទ្រង់ទ្រាយធំលើកទីពីរក្នុងរយៈពេលតិចជាងមួយខែនៅក្នុងរដ្ឋហ្គូណាចាតូ(Guanajuato)ដែលបានកើតឡើង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះដោយសារសង្គ្រាមដ៏ឃោរឃៅ រវាងក្រុមជួញដូរគ្រឿងញៀន ដែលជាគូប្រជែង៕
ប្រែសម្រួលដោយ ប៊ុន សុភាព






