តាកាវ គឺជាឈ្មោះខ្លោងទ្វារមួយស្ថិតនៅទិសខាងលិចរបស់ក្រុងអង្គរធំ ក្នុងចំណោមខ្លោងទ្វារចំនួន៤ផ្សេងទៀត ដែលកំពុងទាក់ទាញឱ្យភ្ញៀវទេសចរជាច្រើនទៅទស្សនា និងថតយករូបអនុស្សាវរីយ៍ស្ទើរតែជារៀងរាល់ថ្ងៃ។
ខ្លោងទ្វារតាកាវ បានបញ្ចេញសម្រស់រឹតតែស្រស់ស្អាត និងទាក់ទាញ បន្ទាប់ពីក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា ធ្វើការជុសជុលឱ្យរួចផុតពីភាពទ្រុឌទ្រោមរួចមក។
ប្រធានភ្នាក់ងារទេសចរណ៍ដែលប្រចាំការនៅខ្លោងទ្វារតាកាវ លោក លៀស គឹមលេខ មានប្រសាសន៍ថា ជារៀងរាល់ថ្ងៃ ភ្ញៀវទេសចរតែងទៅទស្សនាខ្លោងទ្វារនេះ ហើយបានដក់ចិត្តជាមួយនិងការថតរូបមិនចេះណាយ ដោយសារតែខ្លោងទ្វារតាកាវមានកំពូលព្រហ្មមុខ៤ញញឹមស្វាគមន៍ ដោយមានកសិន្ធុទឹកព័ទ្ធជុំវិញ មានដើមឈើតូចធំដុះផ្តុំគ្នាបង្កើតជាទេសភាពដ៏ទាក់ទាញយ៉ាងល្អឯក។