
(ខេត្តបន្ទាយមានជ័យ,ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១)៖យ៉ាងហោចណាស់ ក៏មានលំនៅឋានរបស់ប្រជាពលរដ្ឋ ចំនួន៣៧ខ្នង និងសាលារៀនចំនួន៣ខ្នង រងនូវការខូចខាតធ្ងន់ ស្រាល ដោយខ្សល់កន្ត្រាក់ នៅវេលាម៉ោង៤និង៣០នាទីល្ងាចថ្ងៃទី២១ខែមេសា ឆ្នាំ២០២១ នៅលើ៦ភូមិ ក្នុងសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ។
ប្រភពព័ត៌មានពីនគរបាលក្រុងសិរីសោភ័ណ្ឌ បានឲ្យដឹងថា៖ខ្សល់កន្ត្រាក់ដែលបង្កឲ្យខូចខាតលំនៅឋានរបស់ប្រជាពលរដ្ឋ នៅល្ងាចថ្ងៃទី២១ខែមេសា លើ៦ភូមិក្នុងសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ក្នុងនោះ ១-នៅភូមិគាប ផ្ទះ១ខ្នង ខូចខាត ស័ង្កសី ចំនួន ០៨សន្លឹក។ ២-ភូមិទំនប់ជ្រៃ: ផ្ទះ៣ខ្នង ខូចខាត ស័ង្កសី ចំនួន៩សន្លឹក ក្បឿង១២សន្លឹក។
៣-ភូមិទឹកថ្លា: ផ្ទះ៦ខ្នង និងសាលារៀន១ខ្នង ខូចខាតស័ង្កសី ចំនួន ៩៤សន្លឹក ស៊ីប្រូ ៣សន្លឹក និងផ្លាន ១៧ដើម។
៤-ភូមិភ្នំបាក់: ផ្ទះ៤ខ្នង និងសាលារៀន២ខ្នង ខូចខាត ស័ង្កសីចំនួន៥៤សន្លឹក ស៊ីប្រូ ១៨សន្លឹក ព្រំ ៣សន្លឹក និងផ្លាន ១១ដើម។
៥-ភូមិដីឡូតិ៍: ផ្ទះ ២ខ្នង ខូចខាត ស៊ីប្រូចំនួន ១៨សន្លឹក។ ៦-ភូមិបាណយ: ផ្ទះ២១ខ្នង ខូចខាត ស័ង្កសី ចំនួន ២៣៤សន្លឹក ផ្លាន៧៨ដើម។
ខូចខាត សរុបចំនួន ៤០ខ្នង ក្នុងនោះ ផ្ទះចំនួន៣៧ខ្នងផ្ទះ និងសាលារៀនចំនួន៣ខ្នង:ស័ង្កសីចំនួន ៤៣៧សន្លឹក ស៊ីប្រូចំនួន ២២សន្លឹក ព្រំចំនួន៣សន្លឹក ក្បឿង ចំនួន១២សន្លឹក ផ្លានចំនួន ១០៦ដើម និងផ្ទោងចំនួន៥ដើម។
ប្រភពដដែលបានបញ្ជាក់ថា៖ក្នុងហេតុការណ៍ខ្សល់កន្ត្រាក់នេះ មិនបណ្តាលឲ្យរងគ្រោះថ្នាក់មនុស្សនិងសត្វឡើយ។នៅថ្ងៃទី២២ខែមេសា ឆ្នាំ២០២១នេះ កម្លាំងនគរបាល សហការជាមួយកម្លាំងពាក់ព័ន្ធនិងអាជ្ញាធរមូលដ្ឋាន ចុះជួយរុះរើនិងផ្តល់ស័ង្កសី ជួសជុលលំនៅឋានដល់ប្រជាពលរដ្ឋនោះផងដែរ៕
ដោយ៖ណុប រក្សា(កែសម្រួលដោយ មណ្ឌល កែវ)




