ភ្នំពេញ ៖ ដូចការគ្រោងទុក នៅព្រឹកថ្ងៃទី២៩ ខែឧសភានេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានរៀបចំ ពិធីចាប់ឆ្នោតកំណត់លំដាប់លេខរៀងគណបក្សនយោបាយលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី៦។
ការកំណត់លំដាប់លេខរៀងគណបក្សនយោបាយនីមួយៗ នៅលើសន្លឹកឆ្នោតនេះ នឹងជួយបង្កលក្ខណៈងាយស្រួលដល់ គណបក្សនយោបាយពាក់ព័ន្ធ ក្នុងការឃោសនាបោះឆ្នោត ការបោះឆ្នោត និងជួយឲ្យអ្នកបោះឆ្នោតអាចស្គាល់បាន ដោយងាយស្រួលនូវគណបក្សនយោបាយ ដែលពួកគាត់ស្រលាញ់ពេញចិត្ដ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) នៅព្រឹកថ្ងៃទី២៩ ខែឧសភានេះ បានរៀបចំពិធីចាប់ឆ្នោតកំណត់ លំដាប់លេខរៀង គណបក្សនយោបាយលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដនីតិកាលទី៦។ ពិធីនេះធ្វើឡើងក្រោមអធិបតីភាពឯកឧត្ដមស៊ិក ប៊ុនហុក ប្រធានគ.ជ.ប និងមានការនិមន្តចូលរួមពី សម្ដេចព្រះសង្ឃរាជ ទាំង២គណៈ ព្រមទាំតំណាងគណបក្សនយោបាយ តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ តំណាងបណ្ដាស្ថានទូតនានាប្រចាំ កម្ពុជា និងអ្នកសារព័ត៌មានជាតិ អន្ដរជាតិជាច្រើនរូបទៀត។
មុនពិធីចាប់ឆ្នោតកំណត់លេខរៀង គណបក្សនយោបាយលើសន្លឹកឆ្នោត ឯកឧត្ដមស៊ិក ប៊ុនហុក ប្រធានគ.ជ.ប បានថ្លែង ថា លទ្ធផលនៃការចាប់ឆ្នោតកំណត់លំដាប់លេខរៀង គណបក្សនយោបាយលើសន្លឹកឆ្នោតមានអត្ថន័យសំខាន់ណាស់ សម្រាប់គណបក្សនយោបាយទាំងអស់ ដែលឈ្មោះបោះឆ្នោត។ ឯកឧត្ដមបានថ្លែងបន្ត ថា ការកំណត់លេខរៀងគណបក្ស នយោបាយនីមួយៗ លើសន្លឹកឆ្នោតនឹងជួយបង្កលក្ខណៈងាយស្រួល ដល់គណបក្សនយោបាយ ពាក់ព័ន្ធនឹងការឃោសនា បោះឆ្នោត,ការបោះឆ្នោត,និងជួយឲ្យអ្នកបោះឆ្នោត អាចស្គាល់បានងាយស្រួលនូវគណបក្សនយោបាយ ដែលពួកគាត់ ស្រលាញ់ពេញចិត្ដ។
បន្ទាប់ពីឯកឧត្ដមប្រធានគ.ជ.ប បានបញ្ចប់ការថ្លែងសុរន្ទកថារួចមក ពិធីចាប់ឆ្នោតកំណត់លេខរៀង គណបក្សនយោបាយ លើសន្លឹកឆ្នោតបានចាប់ផ្ដើម ក្រោមព្រះរាជធិបតី និងប្រោសព្រះរាជទានចាប់ឆ្នោត ដោយសម្ដេចព្រះសង្ឃរាជទាំង២ គណៈ។ ជាលទ្ធផលបង្ហាញថា
គណបក្សខ្មែររួបរួមជាតិស្ថិតនៅលេខរៀងទី១.លើសន្លឹកឆ្នោត
២-គណបក្ស មាតុភូមិយើង
៣-គណបក្សពន្លឺថ្មី
៤-គណបក្ស សញ្ជាតិកម្ពុជា
៥-គណបក្ស ខ្មែរក្រោក
៦-គណបក្ស សំបុកឃ្មុំសង្គមប្រជាធិបតេយ្យ
៧-គណបក្ស ប្រជាធិបតេយ្យមូលដ្ឋាន
៨-គណបក្ស សាធារណៈរដ្ឋប្រជាធិបតេយ្យ
៩-គណបក្ស រស្មីខេមរា
១០-គណបក្ស សម្ព័ន្ធដើម្បីប្រជាធិបតេយ្យ
១១-គណបក្ស ខ្មែរសាធារណៈរដ្ឋ
១២-គណបក្ស ខ្មែរឈប់ក្រ
១៣-គណបក្សហ៊្វុនស៊ិនប៉ិច
១៤-គណបក្ស ខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច
១៥-គណបក្ស យុវជនកម្ពុជា
១៦-គណបក្ស ធម្មាធិបតេយ្យ
១៧-គណបក្ស ឆន្ទៈខ្មែរ
១៨-គណបក្ស ជនជាតិដើមប្រជាធិបតេយ្យកម្ពុជា
១៩-គណបក្ស ខ្មែរតែមួយ និង
២០-គណបក្ស ប្រជាជនកម្ពុជាស្ថិតនៅលេខរៀងទី២០ នៅលើសន្លឹកឆ្នោត។
ឯកឧត្ដមអ៊ក គីមហាន តំណាងគណបក្សប្រជាជនកម្ពុជា បានថ្លែងប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពិធីចាប់ឆ្នោតកំណត់លេខ រៀងនេះដែរថា គណបក្សប្រជាជនកម្ពុជា ពេញចិត្តចំពោះលេខរៀងគណបក្សនៅលើសន្លឹកឆ្នោតដែលស្ថិតលេខរៀង ទី២០។ ឯកឧត្ដមកត់សម្គាល់ថា ការចាប់ឆ្នោតកំណត់លេខរៀងគណបក្សនយោបាយនាពេលនេះ គឺធ្វើឡើងដោយ ត្រឹមត្រូវយុត្តិធម៌ និងមានតម្លាភាព ក្រោមក្រសែភ្នែកអ្នកសារព័ត៌មានជាតិ-អន្ដរជាតិ តំណាងគណបក្សនយោបាយ និង តំណាងអង្គទូតនានាផងដែរ។
សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នាពេលឆាប់ៗខាងមុខនេះ នឹងផលិតសន្លឹកឆ្នោត តាមមណ្ឌលនីមួយៗសម្រាប់ប្រើប្រាស់ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដនីតិកាលទី៦ ដែលក្នុងសន្លឹកឆ្នោត ទាំងនោះ ត្រូវការជាចាំបាច់នូវលំដាប់លេខរៀងគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត ដែលនឹងត្រូវកំណត់លេខរៀង នៅលើសន្លឹកឆ្នោតសម្រាប់មណ្ឌលទាំង២៥ទូទាំងប្រទេស៕ អត្ថបទ៖លោកឃួន សុភ័ក្រ រូបភាព៖គ.ជ.ប












