កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី០២ ខែកុម្ភៈ ២០២៤ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា បានអនុម័តសេចក្តីព្រាង ច្បាប់ស្តីពី ការដឹកជញ្ជូនតាមផ្លូវទឹក ដែលមាន ១៨ជំពូក និង ២៧៥ មាត្រា។
បើតាមលទ្ធផលនៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅរសៀលថ្ងៃសុក្រនេះ បានឲ្យដឹងថា សេចក្តីព្រាងច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក កំណត់អំពីការគ្រប់គ្រង និងការអភិវឌ្ឍវិស័យដឹកជញ្ជូនតាមផ្លូវទឹក និងកំពង់ផែ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងដើម្បីរក្សាសណ្តាប់ធ្នាប់ ធានាសុវត្ថិភាព សន្តិ សុខនៃការដឹកជញ្ជូនតាមផ្លូវទឹក។
ពិសេសព្រមទាំងការកសាងនិង ថែរក្សាការពារហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ និងរួមចំណែកការពារបរិស្ថាន ព្រមទាំងផ្តល់កាលានុវត្តភាពវិនិយោគ និង ការប្រកួតប្រជែងប្រកបដោយយុត្តិធម៌ សមធម៌ និងតម្លាភាព សម្រាប់បម្រើពាណិជ្ជកម្មជាតិនិងអន្តរជាតិ និង ទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
លទ្ធផលនៃកិច្ចប្រជាពេញអង្គ ក៏បានបន្ថែមថា វិសាលភាពនៃសេចក្តីព្រាងច្បាប់នេះ គឺអនុវត្តចំពោះនាវា នាវិក កំពង់ផែ ម្ចាស់ នាវាឬម្ចាស់នាវាភារវេទកិច្ច យានដ្ឋាននាវា ហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក និងសកម្មភាពដែលពាក់ព័ន្ធផ្សេងទៀតនៅក្នុង ដែនដី និងដែនយុត្តាធិការនៃព្រះរាជាណាចក្រកម្ពុជា លើកលែងតែនាវា កំពង់ផែ និងឋបនីយភណ្ឌផែរបស់កងកម្លាំងមានសមត្ថកិច្ចនៃក្រសួងការពារជាតិ និងក្រសួង មហាផ្ទៃ ដែលកំណត់ក្នុងលិខិតបទដ្ឋានគតិយុត្តដោយឡែក។
សេចក្តីព្រាងច្បាប់នេះ ត្រូវបានកំណត់ជាការងារអាទិភាពក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ បញ្ចកោណទី២ មុំទី២ ត្រង់ចំណុចទី៤ ដែលបានរំលេចយ៉ាងច្បាស់ពីការពន្លឿនការរៀបចំច្បាប់ស្តីពីការដឹកជញ្ជូន តាមផ្លូវទឹក និងកំពង់ផែ។
គិតមកទល់ពេលនេះមានរយៈពេលជាង១០ឆ្នាំហើយ ដែលសេចក្តីព្រាងច្បាប់នេះត្រូវបានរៀបចំតាក់តែងឡើង ដើម្បីជួយសម្រួល និងបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជា។
សេចក្តីព្រាងច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹកមាន២៨០មាត្រា និង១៨ជំពូក ហើយត្រូវបានរៀបចំឡើងដោយច្របាច់បញ្ចូលនូវសេចក្តីព្រាងច្បាប់ចំនួន៣ រួមមាន សេចក្តីព្រាងច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវសមុទ្រ សេចក្តីព្រាងច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក និងសេចក្តីព្រាងច្បាប់ស្តីពីកំពង់ផែ។
សេចក្តីព្រាងច្បាប់ស្តីពី ការដឹកជញ្ជូនតាមផ្លូវទឹកនេះ នឹងចូលរួមជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក កំពង់ផែ និងការដឹកជញ្ជូនតាមផ្លូវទឹក ដែលជាសរសៃឈាមនៃប្រព័ន្ធគមនាគមន៍ និងឡូជីស្ទីកដ៏សំខាន់នៅកម្ពុជា ពិសេសការដឹកជញ្ជូនតាមទន្លេក្នុងប្រទេស ដែលមានថ្លៃថោក តែបច្ចុប្បន្នមិនទាន់ត្រូវបានប្រើប្រាស់ឱ្យអស់សក្តានុពល និងមានប្រសិទ្ធភាពនៅឡើយ ក៏ដូចជាដើម្បីដោះស្រាយបញ្ហាប្រឈមមួយចំនួនក្នុងវិស័យដឹកជញ្ជូនតាមផ្លូវទឹក ដើម្បីឆ្លើយតបទៅនឹងដំណើរវិវត្តន៍ឈានឡើងជាលំដាប់នៃសង្គម-សេដ្ឋកិច្ចកម្ពុជា ក្នុងដំណើរឆ្ពោះទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០៕






