សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ថា សម្តេចបានសម្រេចថា នឹងសុំជំនួយពីប្រទេសចិន ក្នុងការសាងសង់ផ្លូវជាតិចំនួន ៣ខ្សែ ដោយសុទ្ធតែស្ថិតក្នុងខេត្តកំពត រួមមាន ៖ ផ្លូវជាតិលេខ៤១, ផ្លូវជាតិលេខ៣១ និងផ្លូវជាតិលេខ៣៣។
សម្តេចនាយករដ្ឋមន្រ្តីបានថ្លែងបែបនេះនៅក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការមជ្ឈមណ្ឌលកម្សាន្ត ព្រីនស៍ ម៉ាណ័រ នាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០។
សម្តេចតេជោ បានបញ្ជាក់ថា ៖ «ម្សិលមិញ ខ្ញុំបានសម្រេចគម្រោង ៣ សុំលុយពីចិនទៀតហើយ ព្រោះចរចាត្រូវថ្លៃហើយ។ ទីមួយ ផ្លូវ ៤១ តភ្ជាប់ផ្លូវជាតិលេខ៤ ចុះទៅកំពត។ ទីពីរ ផ្លូវជាតិលេខ៣១ នៅកំពត ។ ទីបី ផ្លូវជាតិ ៣៣ នៅកំពតទៀត»៕






