ភ្នំពេញ ៖ យោងតាមការចេញផ្សាយរបស់ គេហទំព័រ Propertyarea.asia បង្ហាញថា ក្រុមហ៊ុនអចលនទ្រព្យធំៗ របស់ចិន ចំនួន៦ កំពុងវិនិយោគលើគម្រោងសាងសង់អគារខ្ពស់ៗ នៅរាជធានីភ្នំពេញ ដែលអគារទាំងនេះ ត្រូវបានរំពឹងថា នឹងជួយប្រែក្លាយទីក្រុងភ្នំពេញទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងហិរញ្ញវត្ថុអន្តរជាតិ ។
រហូតមកដល់ពេលនេះ ចំនួនវិនិយោគិនចិន នៅតែឈរលំដាប់ទី១ ក្នុងចំណោមការវិនិយោគបរទេសនៅកម្ពុជា ដែលភាគច្រើនការវិនិយោគរបស់ក្រុមហ៊ុនចិន ផ្តោតលើវិស័យ រោងចក្រកាត់ដេរសំលៀកបំពាក់ សេវាកម្ម និងទេសចរណ៌ ជាពិសេស វិស័យអចលនទ្រព្យតែម្តង។
ក្នុងនោះ យោងតាមទិន្នន័យរបស់ក្រសួងរៀបចំដែន នគររូបនីយកម្ម និងសំណង់ បានបង្ហាញថា គិតត្រឹមដំណាច់ក្នុង ឆ្នាំ២០១៧ ទុនវិនិយោគរបស់ក្រុមហ៊ុនចិន លើវិស័យសំណង់ មានទឹកប្រាក់ជាង២ពាន់លានដុល្លារអាមេរិក។ ជាការកត់សំគាល់ ចំពោះបច្ចុប្បន្នភាពនៃការវិនិយោគក្នុងវិស័យអចលនទ្រព្យនេះ មានក្រុមហ៊ុនចិនធំៗរបស់ចិនចំនួន៦ កំពុងវិនិយោគការសាងសង់គម្រោងអគារខ្ពស់ៗ លំដាប់អន្តរជាតិ នៅក្នុងរាជធានីភ្នំពេញ សម្រាប់បំពេញតម្រូវការទាំងផ្នែកពាណិជ្ជកម្ម ផ្សារទំនើប កន្លែងកម្សាន្ត និងអគារស្នាក់នៅជាដើម។ ក្រុមហ៊ុនចិនទាំងនោះរួមមាន
ទី១ ក្រុមហ៊ុន Prince Real Estate Group ដែលកំពុងវិនិយោគសាងសង់ខុនដូ Diamond One នៅទីក្រុងកោះពេជ្រ គំរោងខុនដូ Prince Plaza, Prince Modern Plaza នៅតាមហាវិថីព្រះនរោត្តម និងគំរោងជាច្រើនទៀតនៅខេត្តព្រះសីហនុ ដោយគ្រោងបោះទុនវិនិយោគ៥ពាន់លានដុល្លារ។
ទី២ ក្រុមហ៊ុន R&F Properties កំពុងសាងសង់អាគារកំពស់៤០ជាន់និងអគារកំពស់៣៦ជាន់ និងអគារ៤៨ជាន់ ស្ថិតនៅ តាមបណ្តោយមហាវិថីសម្តេចតេជោហ៊ុន សែន ដែលគ្រោងបោះទុនវិនិយោគជាង៣ពាន់លានដុល្លារ និងគំរោងមួយទៀត ស្ថិតនៅអតីតរោងចក្រស័ង្កសី ស្ថិតនៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស។
ទី៣ ក្រុមហ៊ុន SINO Plaza ដែលកំពុងសាងសង់ គំរោងមជ្ឈមណ្ឌលមណ្ឌលពាណិជ្ជកម្មកំពស់៤៥ជាន់ នៅអតីតទីតាំង ផ្សារបឹងត្របែក ដែលប្រកាសបោះទុនវិនិយោគ២៥០លានដុល្លារ និងគ្រោងវិនិយោគគំរោងជាច្រើនទៀត។
ទី៤ ក្រុមហ៊ុន Green Land Group ជាក្រុមហ៊ុនយក្ស ដែលបានប្រកាសបោះទុនវិនិយោគ៧០០០លានដុល្លារ នៅកម្ពុជាបន្ថែមនាពេលខាងមុខ ហើយក្រុមហ៊ុននេះបានប្រកាសទិញអាគារកំពស់៣៨ជាន់ចំនួន៣ នៃគម្រោង D.I RIVIERA។
ទី៥ ក្រុមហ៊ុន Yuetai Group ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍របស់ចិនកំពុងមានប្រតិបត្តិការលើគម្រោង ជាច្រើននៅកម្ពុជាដូចជា East One និង East View និងគំរោងដ៏ធំមួយទៀតស្ថិតនៅផ្លូវវេងស្រេង (តំបន់លូ៥)។ ក្រុមហ៊ុននេះបានបោះទុន វិនិយោគរាប់ពាន់លានដុល្លារនៅកម្ពុជា។ ថ្មីៗនេះក្រុមហ៊ុននេះក៏ប្រកាសគំរោងមជ្ឈមណ្ឌលពាណិជ្ជកម្ម និងលំនៅដ្ឋាន លំដាប់ពិភពលោក នៅទីតាំងកំពង់ផែស្វ័យត្នក្រុងភ្នំពេញ តាមបណ្តោយដងទន្លេសាប ដែលជាអាគារកប់ពពក ចំនួន២២អាគារផងដែរ ។
ទី៦ ក្រុមហ៊ុន 4seasons ជាក្រុមហ៊ុនអចលនទ្រព្យយក្សមួយទៀត ដែល កំពុងត្រៀងសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្ម និងលំនៅដ្ឋានលំដាប់អន្តរជាតិនៅតំបន់បឹងកេងកង១ និងគំរោងជាច្រើនទៀត ដែលក្រុមហ៊ុននេះកំពុងរៀបចំឡើង និងចាប់ផ្តើមសាងសង់នៅពេលឆាប់ៗនេះ។
តាមការបញ្ជាក់របស់ លោកបណ្ឌិត គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា យល់ឃើញថា ការចូលមកវិនិយោគច្រើនរបស់អ្នកវិនិយោគចិន ជារឿងល្អដែលនឹងផ្តល់ផលប្រយោជន៍ដល់កម្ពុជាកាន់តែច្រើន ប៉ុន្តែ កម្ពុជាក៏គួរធ្វើពិធកម្មលើការវិនិយោគក្នុងវិស័យសំណង់ពីប្រទេសផ្សេងៗអោយបានច្រើនផងដែរ កុំពឹងផ្អែកតែប្រទេសមួយ ព្រោះបើប្រទេសនោះជួបវិបត្តិសេដ្ឋកិច្ចកម្ពុជាក៏មានបញ្ហាដែរ។ អត្ថបទដោយ៖ វ៉ាន់ ១មករា












