គម្រោងស្ពានអាកាសព្រះមុនីវង្ស ដែលមានកម្ពស់ ២ជាន់ សម្រេចបានការសាងសង់២៥ភាគរយ ខណៈក្រុមការងារបច្ចេកទេសកំពុងដំឡើងសសរស្ពានគិតត្រឹមថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២៣នេះ។
មន្ទីរសារធារណការ រាជធានីភ្នំពេញបានឱ្យដឹងថា «គម្រោងនេះ ជាស្ពានអាកាសកម្ពស់ ២ជាន់ ដែលនឹងសម្រួលលំហូរចរាចរលើដងមហាវិថី ព្រះមុនីវង្ស មហាវិថីសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន វិថី កងយោធពលខេមរភូមិន្ទ និងតភ្ជាប់ចរាចរពីតំបន់ក្នុងទីក្រុងទៅមកអាកាសយានដ្ឋានអន្តរជាតិតេជោ។
តាមផែនការគម្រោងនេះ នឹងបញ្ចប់ការសាងសង់នៅខែ សីហា ឆ្នាំ២០២៥»។
ស្ពានអាកាសនេះ ត្រូវបានសាងសង់ដោយក្រុមហ៊ុន OCIC គ្រោងចំណាយថវិកាជាង ៣៦លានដុល្លារ និងចំណាយពេល ៣៦ខែ មានទីតាំងស្ថិតនៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស ជាមួយវិថីកងយោធពលខេមរ ភូមិន្ទ (ផ្លូវលេខ២៧១) ក្នុងខណ្ឌចំការមន និងខណ្ឌមាន ជ័យ រាជធានីភ្នំពេញ៕






