ភ្នំពេញ ៖ បន្ទាប់ពីឆ្លងការពិភាក្សាអនុម័តរបស់កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី និងឆ្លងការពិនិត្យរបស់រដ្ឋសភា រួចមក នៅពេលនេះ គំរោងវិនិយោគ សាងសង់រោងចក្រផលិតថាមពលអគ្គិសនី ដែលមានទុនវិនិយោគរហូតដល់ជាង ១៣០០លានដុល្លារអាមេរិក ក្រុមហ៊ុនចំនួនពីរ ត្រូវបានអនុម័តជាចុងក្រោយ ដោយព្រឹទ្ឋសភាកម្ពុជាហើយ ដើម្បីឈាន ដល់ការចាប់ផ្តើមដំណើរការទាញយកថាមពលអគ្គិសនី៧៦០មេហ្គាវ៉ាត់ មកប្រើប្រាស់ និងស្របតាមគោលនយោបាយ អភិវឌ្ឍន៌អគ្គិសនីភាវូបនីយកម្មជនបទ របស់រាជរដ្ឋាភិបាលកម្ពុជា។
នៅក្នុងសម័យប្រជុំរលើកទី១ នីតិកាលទី៤ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ សមាជិកព្រឹទ្ឋសភា បានអនុម័តលើ គំរោងវិនិយោគអគ្គិសនីដ៏ធំ របស់ក្រុមហ៊ុនវិនិយោគឯកជនចំនួន២ ដោយសម្លេង៥៥ នៃចំនួនសមាជិកព្រឹទ្ធសភាទាំង មូល។
ក្រុមហ៊ុនចំនួន២ ដែលព្រឹទ្ធសភាអនុម័តនៅពេលនេះ រួមមាន៖ ទី១ ក្រុមហ៊ុនស្នេថេក ខូអិលធីឌី ដែលគ្រោងវិនិយោគ លើរោងចក្រអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ នៅក្នុងខេត្តកំពង់ស្ពឺ ស្ថិតនៅក្នុងតំបន់ត្មាតពង ឃុំដំណាក់វាំង ស្រុងកឧត្តុង ខេត្តកំពង់ស្ពឺ លើផ្ទៃដីទំហំប្រមាណ៨០ហិកតា តាមបណ្តោយផ្លូវជាតិលេខ៥១ ដែលមានអនុភាពដំឡើង ៦០មេហ្គាវ៉ាត់ ដែលអាចផ្តល់បរិមាណចំនួន ៩៦លានគីឡូវ៉ាត់ម៉ោង ក្នុងមួយឆ្នាំ។ ក្រុមហ៊ុននេះ គ្រោងនឹងបោះទុន វិនិយោគ សរុបជាថវិការចំនួនជាង៥៨លានដុល្លារអាមរិក ដោយក្នុងនោះទុនផ្ទាល់៣០ភាគរយ និងកម្ចី៧០ភាគរយ ក្នុង អត្រាការប្រាក់ចំនួន៦.៥០ភាគរយ ក្នុងរយៈពេលហិរញ្ញប្បទាន២១ឆ្នាំ ក្នុងការសាងសង់១ឆ្នាំ និងអាជីវកម្ម២០ឆ្នាំ និង គ្រោងដាក់អោយដំណើរការនៅចុងឆ្នាំ ២០១៩ ខាងមុខនេះ។ ទី២ ក្រុមហ៊ុនក្រុមហ៊ុនខេមបូឌា អ៊ិនធើណេសិនណល អ៊ិនវេសមែន ឌីវើឡុបមែនគ្រុប វិនិយោគទៅលើអគ្គិសនីឃ្យូងថ្ម ក្នុងខេត្តព្រះសីហនុ ដែលមានអនុភាពដំឡើង ៧០០ មេហ្កាវ៉ាត់ និងបរិមាណថាមពលបញ្ចេញ ឲ្យបណ្តាញជាតិ ៥២១២.២០ លានគីឡូវ៉ាតម៉ោង ក្នុងមួយឆ្នាំ ដោយប្រើប្រាស់បច្ចេកវិទ្យាថ្មី (Supper Critical ) រួមជាមួយបច្ចេកវិទ្យាធ្យូងថ្មស្អាត (Clean Coal Technology ) ដែលនាំយកនូវ ផលិតផល និងសម្ភារៈ មកពីបណ្តាប្រទេសនៅអឺរ៉ុបខាងលិច អាមេរិក ជប៉ុន ដែលធានបានប្រសិទ្ធិភាព ស្ថិរភាព និងប៉ះពាល់ដល់បរិស្ថានតិចតួចបំផុត។ ក្រុមហ៊ុននេះគ្រោងបោះទុនវិនិយោគ ទឹកប្រាក់ចំនួន១ពាន់២៩០,៥៤លានដុល្លារអាមេរិក ដែលក្នុងនោះទុនផ្ទាល់របស់ក្រុមហ៊ុន៣០ភាគរយ និងប្រាក់កម្ចី៧០ភាគរយ តាមអត្រាការប្រាក់៦.៥០ភាគរយ។ រយៈពេលសម្បទាន៣៩ឆ្នាំ ក្នុងនោះសាងសង់៤ឆ្នាំ និងអាជីវកម្ម៣៥ឆ្នាំ និងគ្រោងដាក់ឲ្យដំណើរការមាស៊ីនទី១ នៅខែធ្នូ ឆ្នាំ២០២៣ និងម៉ាស៊ីនទី២ នៅខែធ្នូ ឆ្នាំ ២០២៤។
បើតាមថ្លែងរបស់រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ឯកឧត្តម ស៊ុយ សែម នៅពេលការពារសេចក្តីព្រៀងច្បាប់ទាំង២នេះ បានអះអាងថា កម្ពុជាត្រូវការអភិវឌ្ឍន៍ប្រភពថាមពលថ្មីៗបន្ថែមទៀត ដោយប្រើប្រាស់សក្តានុពល ដែលខ្លួនមានឲ្យអស់ លទ្ធភាព និងប្រកបដោយប្រសិទ្ធិភាពខ្ពស់។ ប្រភពថាមពលដែលប្រទេសកម្ពុជាអភិវឌ្ឍន៍កន្លងមក រួមមាន ស្ថានីយវារីអគ្គិសនី រោងចក្រផលិតអគ្គិសនី ដុតធ្យូងថ្ម និងស្ថានីយ៍ផលិតអគ្គសនីដើរដោយពន្លឺព្រះអាទិត្យ។
ឯកឧត្តម ស៊ុយ សែម ក៏បានបង្ហាញដែរថា រដ្ឋាភិបាលកម្ពុជា បានគិតគូពីផលប៉ះពាល់បរិស្ថាន ដោយធ្វើយ៉ាងណាអោយ ស្របតាមស្តង់ដារកម្ពុជា និងពិភពលោក គឺមិនអោយមានការបំពុលបរិយាកាស ចំពោះការសាងសង់ នៅរោងចក្រអគ្គិសនី ទាំងពីរនេះទេ។
គួរបញ្ជាក់ដែរថា តាមការថ្លែងបញ្ជាក់របស់ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា ឯកឧត្តម ទី នរិន្ទ នាពេលកន្លងមក បានអោយដឹងថា ប្រភពអគ្គិសនីរបស់កម្ពុជា មានការកើនរហូតដល់ជាង៨០% គិតត្រឹមចុងឆ្នាំ២០១៧ ធ្វើឱ្យការនាំចូល អគ្គិសនីពីរបរទេសមានការធ្លាក់ចុះមកនៅត្រឹមតែជាង១៨%តែប៉ុណ្ណោះ។ ឯកឧត្តម អះអាងថា ប្រហែលជា១ឆ្នាំ ទៅ ២ឆ្នាំទៀត កម្ពុជាអាចគ្រប់គ្រងថាមពលអគ្គិសនីបានដោយខ្លួនឯង ដោយមិនពឹងផ្អែកទៅលើការនាំចូលពីប្រទេសជិតខាង ទាំងស្រុងទៀតទេ។ ប្រភពផលិតថាមពលអគ្គិសនីទាំងនេះបានធ្វើឱ្យកម្ពុជា ពង្រីកវិសាលភាព នៃការប្រើប្រាស់អគ្គិសនី ពីទីប្រជុំជន ទៅកាន់តំបន់ជនបទ ពោលគឺអាចនឹងមានថាមពលប្រើប្រាស់៩៨% នៃភូមិទាំងអស់ក្នុងប្រទេសកម្ពុជា នឹងមានអគ្គិសនីប្រើប្រាស់ចេញពីប្រភពអគ្គិសនីរ បស់បណ្តាញជាតិ ដែលមានតម្លៃសមរម្យ មានស្ថិរភាព និងមាន គុណភាពផងដែរ។
តាមការបញ្ជាក់ពីក្រសួងរ៉ែ និងថាមពល ក្នុងឆ្នាំ២០១៧កន្លងទៅ ប្រទេសកម្ពុជា បានទាញយកថាមពលអគ្គិសនី ពីប្រភព នានា បានប្រមាណ ៦ពាន់៥រយលានគីឡូវ៉ាត់ម៉ោង ដែលបានផ្គត់ផ្គង់ទៅកាន់ទូទាំងប្រទេស បានប្រហែល ៨០ភាគរយ នៃការផ្គត់ផ្គង់សរុប ។ ទន្ទឺមនេះ កម្ពុជាក៏បាននាំចូលថាមពលអគ្គិសនី ប្រមាណ ១ពាន់៦រយលានគីឡូវ៉ាត់ម៉ោង ដែលស្មើនឹងប្រមាណ២០ភាគរយនៃការផ្គត់ផ្គង់សរុប ពីប្រទេសជិតខាង។ ក្នុងនោះ នាំចូលពីប្រទេសវៀតណាម១៥%, ថៃប្រមាណ៤,៥ និងឡាវប្រមាណ០,៥%៕









