រាជធានីភ្នំពេញ ៖ នៅព្រឹថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសជួញដូរមនុស្ស កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ០១នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់ ពាក់ព័ន្ធករណី ហិង្សាគំរាមសម្លាប់, បង្ខាំងទុក, និងអំពើទារុណកម្ម។
ជនសង្ស័យ ឈ្មោះ ព្រឿង សំអឿន ហៅ សេម ភេទប្រុស អាយុ៣៩ឆ្នាំ ធ្លាប់ជាអណិកជនរស់នៅសហរដ្ឋអាមេរិក អាចចាត់ទុកថាជាជនកំណាចឃោរឃៅម្នាក់នៅកម្ពុជា ប្រចាំឆ្នាំ២០១៨ ដែលគួរឲ្យភ្ញាក់ផ្អើលបំផុត ដោយសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ស្រាវជ្រាវឃើញថា ជននេះមានមុខរបរជាគ្រូបង្រៀនលំហាត់ប្រាណឯកជន បានប្រព្រឹត្តអំពើបង្ខាំងទុកនារីម្នាក់ ប្រើអំពើហិង្សា និងធ្វើទារុណកម្មផ្លូវភេទ លើជនរងគ្រោះ ឈ្មោះ ម.ហ ភេទស្រី អាយុ២២ឆ្នាំ ជានិសិត្សឆ្នាំទី២ ព្រមទាំងបានទូរស័ព្ទទៅក្រុមគ្រួសាររបស់ជនរងគ្រោះ ប្រើពាក្យសំដីមិនសមរម្យ ប៉ះពាល់ដល់កិត្តិយសជនរងគ្រោះ និងគម្រាមបង្ហោះវីដេអូរួមភេទជាមួយគ្នាផងដែរ។
ជនសង្ស័យបានសារភាពឲ្យដឹងថា រូបខ្លួន និងជនរងគ្រោះ បានស្គាល់គ្នារយៈពេល០១ឆ្នាំមកហើយ ពួកគេទាំង០២នាក់ស្គាល់ដំបូង គឺជនរងគ្រោះតែងមកហាត់ប្រាណ នៅក្នុងក្លឹបកីឡាមួយជារៀងរាល់ថ្ងៃ ហើយខ្លួនជាគ្រូបង្រៀនលំហាត់ប្រាណឯកជននៅទីនោះ។ ក្រោយពេលពួកគេទាំង០២នាក់ ស្គាល់គ្នាបានប្រហែល០៣សប្តាហ៍ ពួកគេទាំង០២នាក់ បានស្រលាញ់គ្នាជាសង្សារ ហើយតែងតែទូរស័ព្ទណាត់ជួបគ្នា ដើម្បីរួមភេទជាញឹកញាប់ក្នុង០១សប្តាហ៍ ០២ទៅ ០៣ដង ហើយក្នុងពេលរួមភេទម្តងៗ ជនសង្ស័យខាងលើ តែងតែថតជាវីដេអូទុកផងដែរ។ លើកដំបូង ពួកគេរួមភេទ ជាមួយគ្នាក្នុងផ្ទះសំណាក់ម្តុំផ្សារសុវណ្ណា ហើយក្រោយៗមកទៀត ពួកគេបានជួលបន្ទប់ខុនដូរមួយឈ្មោះMHM បន្ទប់លេខ១៦៤ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ដើម្បីណាត់ជួបគ្នារួមភេទ។
តាមការបញ្ជាក់របស់នារីរងគ្រោះបានឲ្យដឹងថា ដំបូងឡើយរូបនាងពិតជាបានស្រឡាញ់ជនសង្ស័យជាសង្សាខ្លាំងណាស់ តែរយៈកាលក្រោយៗមក រូបនាងបែរជាមានការភ័យខ្លាចជាខ្លាំង ព្រោះតែជនសង្ស័យហាក់ដូចជាមនុស្សរោគចិត្ត ត្បិតពេលរួមភេទជាមួយគ្នាម្តងៗ ជនសង្ស័យមិនត្រឹមតែថតវីដេអូទុកប៉ុណ្ណោះទេ រូបគេថែមទាំងប្រើទារុណកម្មឃោរឃៅ ក្នុងពេលរួមភេទ ដូចជា ក្តិច ខ្ញាំ ខាំ ច្របាច់ មួលកដៃនិងវ៉ៃបែកមាត់ លើរូបនាងជាញឹកញាប់ រហូតដល់នាងបែកចិត្ត ទៅភ្ជាប់ពាក្យជាមួយអ្នកថ្មី។ ក្រោយពេលជនសង្ស័យ បានដឹងថានាងមានគូរដណ្តឹង ជនសង្ស័យក៏បានប្រើហឹង្សាលើរូបនាង ចំនួន០៦ដង និងគម្រាមបង្ហោះវីដេអូរួមភេទជាមួយគ្នាផងដែរ។
នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ ខណៈពេលដែលនារីរងគ្រោះ និងជនសង្ស័យនៅជាមួយគ្នា ស្រាប់តែគូដណ្តឹងនារីរងគ្រោះបានឆាតមក ក៏ត្រូវជនសង្ស័យឆែកឃើញ បណ្តាលឲ្យមានការឈ្លោះប្រកែកគ្នា ហើយជនសង្ស័យបានឆាតទៅគម្រាមគូរដណ្តឹងនារីរងគ្រោះ ឲ្យឈប់ទាក់ទងនាងជាបន្ទាន់ បើមិនដូច្នោះទេ រូបគេនឹងធ្វើអ្វីមួយចំពោះគូរដណ្តឹងនារីរងគ្រោះជាក់ជាមិនខាន។ បន្ទាប់មកជនសង្ស័យបានបង្ខាំងនារីរងគ្រោះទុកក្នុងបន្ទប់ខុនដូ មិនឲ្យចេញទៅណា ព្រមទាំងបានចាប់បោចសក់ និងរុញផ្ទប់ នារីរងគ្រោះទៅនឹងជញ្ជាំង ហើយបានខាំទៅលើជនរងគ្រោះ០២កន្លែង គឺដៃ០១កន្លែង និងខាំកំប៉េះគូថ០១កន្លែង បន្ទាប់មកជនសង្ស័យ បានកាត់ក្រណាត់អាវយឺតជាកង់ៗ បំរុងយកមកចងដៃ ចងជើងនាង តែដោយសារនារីរងគ្រោះអង្វរពេក ទើបរូបគេមិនបានចង ហើយក៏បង្ខំនារីរងគ្រោះឲ្យទូរស័ព្ទទៅនិយាយជាមួយគូរដណ្តឹង ថាពួកគេទាំង០២នាក់រស់នៅជាមួយគ្នាជារៀងរាល់ថ្ងៃ បើនាងមិនទូរស័ព្ទទៅទេ ជនសង្ស័យគំរាមថានឹងយកកន្ត្រៃ មកកាត់សក់ចេញឲ្យអស់ ហើយសម្លាប់ចោលតែម្តង ទើបនារីរងគ្រោះបង្ខំចិត្តទូរស័ព្ទទៅគូរដណ្តឹង និយាយតាមការគម្រាមរបស់ជនសង្ស័យ ហើយជនសង្ស័យបានបង្ខាំងនាងទុកនៅក្នុងបន្ទប់ខុដូ និងយកកាំបិតចុងស្រួច សស្ញាចមួយ គម្រាមនាងមិនឲ្យចេញទៅណាជាដាច់ខាត។
លុះដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ ម្តាយមីងរបស់នារីរងគ្រោះ បានបាត់ដំណឹងក្មួយស្រីពេញមួយយប់ ក៏បានដាក់ពាក្យបណ្តឹងមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញឲ្យជួយស្រាវជ្រាវ រហូតឈានទៅដល់រកឃើញទីតាំងបង្ខាំងទុកផ្ទាល់ ដោយមានការសហការណ៍ជាមួយសមត្ថកិច្ចអាវុធហត្ថខណ្ឌចំការមន។ ពេលដែលសមត្ថកិច្ចអាវុធហត្ថចុះទៅដល់ ជនសង្ស័យមិនព្រមបើកទ្វារនោះទេ ថែមទាំងគម្រាមសមត្ថកិច្ចថា រូបគេនឹងសម្លាប់នារីរងគ្រោះចោលក្នុងបន្ទប់ទៀតផង បន្ទាប់មកជនសង្ស័យបានយកស្ព្រាយបាញ់ទៅលើទ្វារកញ្ចក់ មិនឲ្យសមត្ថកិច្ចមើលឃើញដល់ក្នុងបន្ទប់ បម្រុងរត់គេចខ្លួន តែមិនអាចចេញទៅណារួច ក៏ត្រូវបានកម្លាំងសមត្ថកិច្ចអាវុធហត្ថ ទម្លាយទ្វារចូលទៅឃាត់ខ្លួន និងរំដោះជនរងគ្រោះបានតែម្តង។ បន្ថែមពីលើនេះទៅទៀត តាមការធ្វើតេស្តទឹកនោមរបស់ជនសង្ស័យ សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញបានរកឃើញថា ជនសង្ស័យដែលជាមនុស្សកំណាចឃោរឃៅម្នាក់នេះ មានជាប់សារធាតុញៀនផងដែរ៕
ប្រភព៖ កងរាជអាវុធហត្ថរាជធានីភ្នំពេញ








