ព្រៃវែង ៖ នាយសង្កាត់ជលផលស្រុកពាមជរ ខេត្តព្រៃវែង ម្នាក់ស្លាប់និងកម្មករ២នាក់ទៀតបានរងរបួសធ្ងន់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹកទូកនិងទូកបុកក្នុងប្រតិបត្តិការចុះបង្ក្រាបបទល្មើសនេសាទកាលពីវេលាម៉ោង៤និង១០នាទីយប់ ទៀបភ្លឺឈានចូលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ងនៅចំណុចក្បាលកោះទន្លេតូចស្ថិតក្នុងភូមិខ្សាច់ ឃុំកោះសំពៅ ស្រុកពាមជរ ខេត្តព្រៃវែង។
លោកវរសេនីយ៍ឯក ជា ហេង អធិការនគរបាលស្រុកពាមជរ បានឲ្យដឹងថាបន្ទាប់ពីទទួលបានព៌តមានពីករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹកថាមានទូក១គ្រឿងមិនស្គាល់អត្តសញ្ញាណអ្នកបើកកាណូតបានបើកបុកទូករបស់មន្ត្រីជលផលបណ្តាលឲ្យលិចទឹកបាត់ខ្លួន នាយសង្កាត់ជលផលស្រុកម្នាក់ ឈ្មោះ ពិន ចាន់ ភេទប្រុស អាយុ៥០ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុ និងមានកម្មករ២នាក់រងរបួសធ្ងន់ ទី១ឈ្មោះ ទ្រី សុគិត ភេទប្រុស អាយុ២៩ឆ្នាំ ជាអ្នកបើកទូក និងម្នាក់ទៀតឈ្មោះ ខាន់ ទ្រី ភេទប្រុស អាយុ៥៨ឆ្នាំ មានទីលំនៅភូមិឃុំខាងលើជាមួយគ្នា។
ភ្លាមនោះរូបលោកទទួលបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ ស្រេង ជា ស្នងការខេត្ត ដឹកនាំកម្លាំងសហការជាមួយកម្លាំងជលផល កម្លាំងសហគមន៍ និងប្រជាពលរដ្ធ ចុះមុជរាវរកសពលោកនាយសង្កាត់ជលផល។ រីឯអ្នករងរបួសធ្ងន់ទាំង២នាក់ត្រូវបានគេបញ្ជូនយកទៅព្យាបាលរបួសនៅមន្ទីរពេទ្យ។
អធិការបន្តទៀតថា រហូតដល់វេលាម៉ោងជាង៣រសៀលថ្ងៃដដែលទើបរាវរកសពលោក ពិន ចាន់ ឃើញនៅត្រង់ចំណុចខាងលើស្រង់ដាក់លើគោក ដោយពិនិត្យឃើញថាមានស្នាមដាច់២កន្លែងចំក្បាល សង្ស័យត្រូវស្លាប់ចាក់ម៉ាសុីន។ លោកអធិការបញ្ជាក់បន្ថែមថា ករណីនេះកម្លាំងនគរបាលជំនាញកំពុងធ្វើការស្រាវជ្រាវអង្កេតស្វែងរកអ្នកបើកបរទូកបង្កហើយ ព្រោះពេលនោះយប់ងងឹតគ្មានអ្នកណាឃើញពីហេតុការណ៍នេះឡើយក្រៅពីកម្មករ២នាក់ដែលរងរបួសនោះ។
ក្រោយពិនិត្យរួចសមត្ថកិច្ចជំនាញ ក៏បានប្រគល់សពជូនក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី។
ពាក់ពន្ធ័ករណីនេះដែរ លោក អូន ស៊ីណាត នាយខណ្ឌរដ្ឋបាលជលផលខេត្តព្រៃវែង បានឲ្យដឹងថានៅក្នុងរដូវហាមឃាត់ត្រីពងកូនកំលាំងជលផលរបស់លោក បានចុះបង្ក្រាបបទល្មើសនេសាទតាមដងទន្លេស្រាប់តែមានជនមិនស្គាល់អត្តសញ្ញាណ២នាក់ បានបើកទូកជ័រស្មាច់១គ្រឿង ដោយដឹកធុងស្នោក្នុងទិសដៅពីជើងទៅត្បូង តាមបណ្ដោយទន្លេ មកបំបុកជាមួយទូកលោកនាយសង្កាត់ជលផលស្រុកពាមជរ បណ្ដាលឲ្យទូកប្រដេញលិចចូលទៅក្នុងទឹកបាត់ហើយឈ្មោះ ពិន ចាន់ បានមុតត្រូវស្លាបចាក់ម៉ាស៊ីនចំក្បាល២កន្លែង លិចបាត់ទៅក្នុងទឹកដែរ។ ចំណែកកម្មករ២នាក់ដែលរួមជិះទូកជាមួយលោកនាយសង្កាត់ ហែលទឹករួចស្រែកហៅឲ្យគេមកជួយលោក ពិនចាន់ នាយសង្កាត់ដែរ ប៉ុន្តែជួយមិនទាន់ គាត់លិចបាត់រហូតដល់រសៀលម៉ោងជាង៣ថ្ងៃដដែល ទើបរាវរកឃើញសព។ លោកនាយខណ្ឌជលផលបន្តថា ពាក់ពន្ធ័រឿងនេះវាជាករណីឃាតកម្ម ឬយ៉ាងណានោះលោកមិនហ៊ានសន្និដ្ឋានទេទុកឲ្យសមត្ថកិច្ចស្រាវជ្រាវទៅ ៕ សុឹម សាន់