មនុស្សពីរនាក់បានស្លាប់ និង៥នាក់ផ្សេងទៀត បានរងរបួសយ៉ាងធ្ងន់ធ្ងរក្នុងគ្រោះថ្នាក់ចរាចរណ៍ នៃរថយន្តក្រុងរបស់សាលានៅទីក្រុងញូវយ៉ក។ មន្ត្រីបាននិយាយថា ករណីនេះទំនងជាបណ្តាលមកពីកង់ខាងមុខ នៃរថយន្តខូច ខណៈការស៊ើបអង្កេតគឺកំពុងដំណើរការ។
រថយន្តក្រុង បានដឹកសិស្សពីកោះឡុងទៅកាន់ជំរុំក្រុមតន្រ្តីមួយ នៅពេលធ្លាក់ចេញពីផ្លូវ ហើយក្រឡាប់ចូលទៅក្នុងប្រឡាយក្បែរក្រុង Wawayanda (វ៉ាវ៉ាយ៉ាន់ដា)។ ក្រុមមន្ត្រីបាននិយាយថា មនុស្សទាំងអស់ ៤៤ នាក់នៅលើឡានក្រុង ហើយពួកគេក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងតំបន់ចំនួន៦ ដើម្បីព្យាបាល។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅម៉ោងប្រហែល១៣:១០ ម៉ោងក្នុងស្រុក នៅលើផ្លូវអ៊ិនធើស្តេត៨៤ ភាគខាងជើងនៃទីក្រុងញូវយ៉ក។
មន្ត្រីប៉ូលីសបានបិទផ្លូវហាយវ៉េ ដើម្បីអនុញ្ញាតឱ្យធ្វើប្រតិបត្តិការនៅកន្លែងកើតហេតុ៕
ប្រែសម្រួលដោយ ៖ មិត្ត មួយហ្គិច