គិតមកត្រឹមម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១ ខែតុលា ដែលជាថ្ងៃចាប់ដំណើរការដំបូង មន្ត្រី គ.ជ.ប. បានបញ្ជាក់ថា មានអ្នកចុះឈ្មោះថ្មីចំនួន ១ ៦២០នាក់ អ្នកសុំកែទិន្នន័យចំនួន ៣៦៧នាក់ អ្នកផ្លាស់ចូល ៣៦៨នាក់ និងអ្នកត្រូវបានលុបឈ្មោះចេញមានចំនួន ៥នាក់។
លោក ឌឹម សុវណ្ណារុំ អ្នកនាំពាក្យ គ.ជ.ប. បានប្រាប់ ឲ្យដឹងថា ដំណើរនៃការពិនិត្យបញ្ជីនិងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០ ប្រព្រឹត្តទៅតាមកាលវិភាគដោយ ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែតុលា ជាការចុះឈ្មោះតាមឃុំសង្កាត់ រីឯថ្ងៃទី៥ ដល់ថ្ងៃទី១៤ ខែតុលា ជាការចុះឈ្មោះចល័ត ដោយក្រុមការងារ គ.ជ.ប.តាមភូមិមួយចំនួនក្នុងរាជធានី-ខេត្ត និងពីថ្ងៃទី១៥ ដល់ថ្ងៃ១៩ ខែតុលា ជាការចុះឈ្មោះតាមឃុំសង្កាត់ វិញ។
សូមជម្រាបថា គណៈកម្មការជាតិរៀបចំការបោះឆ្នោត នៅព្រឹកថ្ងៃទី១ ខែតុលា ម្សិលមិញនេះ បានបើកដំណើរការការពិនិត្យបញ្ជី និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០ ក្នុងរយៈពេល ១៩ថ្ងៃ គឺចាប់ពីថ្ងៃទី១ តុលានេះ ដល់ថ្ងៃទី១៩តុលា។
ក្នុងនោះការិយាល័យបោះឆ្នោតចំនួន ១ ៦៤៦ឃុំ សង្កាត់ទូទាំងរាជធានី-ខេត្ត បានបើកទ្វារដំណើរការពិនិត្យ និងចុះឈ្មោះថ្មី ឆ្នាំ២០២០៕
សំអាង





