គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជា ធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) នៅព្រឹកនេះ បានរៀបចំកិច្ចប្រជុំពិភាក្សាជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ស្ដីពីឯកសារទស្សនទាន សម្រាប់ការរៀបចំតាក់តែងកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិ បតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២។

ឯកឧត្តម ង៉ាន់ ចំរើន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានលើកឡើងថា ឆ្នាំ២០២០ ជាឆ្នាំចុងក្រោយនៃការអនុវត្តកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យថ្នាក់ក្រោមជាតិរយៈពេល១០ឆ្នាំ ដំណាក់កាលទី១ (២០១០-២០២០) ហេតុដូចនេះ ចាំបាច់ត្រូវរៀបចំតាក់តែងកម្មវិធីជាតិនេះដំណាក់កាលទី២ (២០២១- ២០៣០)បន្ថែមទៀត ដើម្បីអោយសកម្មភាពអនុវត្តកម្មវិធីនេះអាចចាប់ផ្ដើមបានពីឆ្នាំ២០២១។

ឯកឧត្តម បន្តថា កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការមានលក្ខណៈស្មុគស្មាញ និងសាំញ៉ាំ ដែលតម្រូវឲ្យមានផែនទីតម្រង់ទិសច្បាស់លាស់ និងត្រូវអនុវត្តទៅតាមបរិបទជាក់ស្ដែងរបស់ប្រទេសនីមួយៗ។

ឯកឧត្តមបានបន្ថែមថា ការអនុវត្តកម្មវិធីជាតិក្នុងដំណាក់ កាលទី១កន្លងមក ទទួលបានសមិទ្ធផលច្រើន តែក៏មានបញ្ហាប្រឈមមួយចំនួនដែលតម្រូវឲ្យមានការរៀបចំដោះ ស្រាយ នាពេលអនាគត តាមរយៈកម្មវិធីជាតិ ដំណាក់កាលទី២នេះ។

គួរជម្រាបជូនថា រាជរដ្ឋាភិបាលកម្ពុជា សម្រេចរៀបចំតាក់ តែងកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ សម្រាប់រយៈពេល១០ ឆ្នាំ (២០២១-២០៣០) ក្នុងគោលបំណងបន្តដោះស្រាយនូវបញ្ហាប្រឈម បន្តអនុវត្តគោល នយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការឲ្យកាន់តែស៊ីជម្រៅ និងបន្តចូលរួមចំណែកក្នុងការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់ កាលទី៤៕
ប្រភពពីក្រសួងមហាផ្ទៃ






