បន្ទាយមានជ័យ ៖ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង ១៥ និង ៣០នាទី កម្លាំងកងរាជអាវុធហត្ថខេត្ត បានចុះប្រតិបត្តិការបង្រ្កាបករណីជួញដូរសាធាតុញៀនខុសច្បាប់ ក្រោមការដាក់វិធានការរបស់ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ នៅចំណុចស្ពានតាផាន់ ស្ថិតនៅភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរិសោភ័ណ ។
លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារគ្រឿងញៀន បានបញ្ជាក់ថា ដោយ ទទួលបានវិធានការ របស់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងដោយទទួលបានការ អនុញ្ញាតពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកបានដឹកនាំកម្លាំង កងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានចុះប្រតិបត្តិការបង្រ្កាបករណីជួញដូរសារធាតុ ញៀនដោយខុសច្បាប់ និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ ទី១-ឈ្មោះ ឡាយ ទិត្យសីហា ភេទប្រុស អាយុ២៨ឆ្នាំ (ម្ចាស់ថ្នាំ) រស់នៅភូមិជ្រៃកោង ឃុំស្លាកែត ក្រុងខេត្តបាត់ដំបង និងទី២-ឈ្មោះ ឌឿម មីនា ភេទប្រុស អាយុ២២ឆ្នាំ (ម្ចាស់រថយន្ត) រស់នៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត និងវត្ថុតាងរួមមាន កេតាមីនចំនួន ២៥០ដប មេតំហ្វេតាមីនទឹកកកចំនួន ២កូនថង់តូច ស្មើ ៥,២៨ក្រាម ទូរស័ព្ទដៃចំនួន ០៤គ្រឿង អត្តសញ្ញាណប័ណ្ណ ១សន្លឹក ប័ណ្ណបើកបរ ១សន្លឹក កាតគ្រីរថយន្ត ១សន្លឹក ប័ណ្ណធនាគារ ១សន្លឹក។
លោកវរសេនីយ៍ឯក ស ប៊ុនសឿង បានបន្តទៀតថា ក្រោយពីធ្វើការស្រាវជ្រាវទទួលបានមុខសញ្ញាជនសង្ស័យខាងលើ ហាក់បានដឹងខ្លួន ហើយបើករថយន្តម៉ាកកាមេរីបាឡែន ពណ៌ស្ករ ពាក់ស្លាក់លេខ បន្ទាយមានជ័យ 2A.4432 គេចពីការ តាមរបស់សមត្ថកិច្ច តាមបណ្តោយផ្លូវជាតិលេខ៥ ពេលនោះកម្លាំងយើងក៏បានដេញតាមពីក្រោយ រហូតដល់ចំណុចស្ពាន តាផាន់ ទើបកម្លាំងយើងអាចឃាត់បាន និងធ្វើការឆែកឆេរនៅនឹងកន្លែង រួចបញ្ជូនមកទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ប្រគល់ជូនកម្លាំងជំនាញចាត់ការបន្តតាមនីតិវិធី ។
លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានបញ្ជាក់ថា យោងតាមចម្លើយសារភាពរបស់ ជនសង្ស័យខាងលើ រួមនិងវត្ថុតាង កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ចូនជនសង្ស័យ និងវត្ថុតាងទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី ៕ វណ្ណា











