ប៉ោយប៉ែត ៖ ឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ តាមដីកាបង្គាប់អោយចាប់ខ្លួន ពាក់ព័ន្ធករណីគ្រឿងញៀន កាលពីវេលាម៉ោង១៣ និង ០០នាទី ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងទទួលការងារប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានចុះប្រតិបត្តិការឃាត់ខ្លួន តាមដីកាបង្គាប់អោយចាប់ខ្លួនលេខ ១៨៣ច.ខ/ង ដោយលោក ម៉ម ច័ន្ទវណ្ណៈ ចៅក្រមជំនុំជម្រះនៃសាលាដំបូងខេត្តបន្ទាយមានជ័យ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់ នៅភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯក ស ប៊ុនសឿង បានអោយដឹងថា ដោយទទួលបានបទបញ្ជា និងវិធានការអនុវត្តន៍ពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងយោងតាមដីកាបង្គាប់អោយចាប់ខ្លួនលេខ ១៨៣ច.ខ/ង ដោយលោក ម៉ម ច័ន្ទវណ្ណៈ ចៅក្រមជំនុំជម្រះនៃសាលាដំបូងខេត្តបន្ទាយមានជ័យ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងដោយមានការសម្របសម្រួលពីលោក សេង គឹមឡាក់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត លោកបានដឹកនាំកម្លាំងចុះប្រតិបត្តិការ និងឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់ ឈ្មោះ សៀន សុផា ភេទ ស្រី អាយុ៣៥ឆ្នាំ មុខរបរគ្មាន បច្ចុប្បន្នស្នាក់នៅភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ និងធ្វើការឆែកឆេរក្នុងផ្ទះរបស់ជនសង្ស័យ បានរឹបអូសវត្ថុតាងរួមមាន ៖
– គ្រឿងញៀនមេតំហ្វេតាមីនទឹកកក ចំនួន១៤កូនថង់កឹប និង០២ថង់ធំ ស្មើ៧៥.៥ក្រាម
– គ្រឿងញៀនមេតំហ្វេតាមីនគ្រាប់ ចំនួន៩៩៦គ្រាប់
– ទូរស័ព្ទដៃ ចំនួន០១គ្រឿង
– ខ្សែកលោហធាតុពណ៌លឿង ចំនួន០១ខ្សែ ប្រវែង១៩ស.ម
– ក្រវិលលោហធាតុពណ៌សដាំត្បួង ចំនួន០១គូរ
– អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ចំនួន០១សន្លឹក
– កូនថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន។
លោកវរសេនីយ៍ឯក ស ប៊ុនសឿង បានបញ្ជាក់ថា បន្ទាប់ពីកម្លាំងជំនាញធ្វើការសាកសួរ ជនសង្ស័យបានសារភាពថាខ្លួន ពិតជាបានប្រកបរបរជួញដូរសារធាតុញៀន មួយរយៈមកហើយ។ ផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យទាំងខាងលើ ឃើញមានតម្រុយពិរុទ្ធភាពនៃបទល្មើសយ៉ាងជាក់លាក់។ ជនសង្ស័យខាងលើអាចត្រូវចោទពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាងទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធី៕ វណ្ណា






