ខេត្តក្រចេះ៖ មនុស្ស៤នាក់ ត្រូវបាននគរបាលចាប់ឃាត់ខ្លួនយកមកសាកសួរ ដោយសង្ស័យជាប់ពាក់ពន្ឋនឹងករណីឃាតកម្ម វាយសម្លាប់មនុស្ស១គ្រួសារ រួមមាន ប្តី ប្រពន្ឋ និងកូនប្រុសស្រី២នាក់ទៀត រួចដុតកម្ទេចសាកសពចោល និងផ្ទះចោលដើម្បីបំបាត់ភស្ដុតាង។ ទោះយ៉ាងណា ករណីនេះនគរបាលមិនទាន់បង្ហាញថា ជនសង្ស័យទាំង៤នាក់នោះ អាចជាប់ពាក់ពន្ខនឹងករណីឃាតកម្មនេះឬយ៉ាងណានោះទេ ដោយនគរបាលខេត្តក្រចេះ អះអាងថា គឺស្ថិតនៅក្នុងការស៊ើបសួរ និងស្រាវជ្រាវបន្ថែមទៀត។
ករណីឃាតកម្ម វាយសម្លាប់មនុស្ស១គ្រួសារនេះ ជនរងគ្រោះរស់នៅលើកោះប្រឹម ខាងក្រោយភូមិប្អៀរ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ។ នៅថ្ងៃទី១៣ សីហានេះ នគរបាលជំនាញជាច្រើននាក់ បានចុះទៅស្រាវជ្រាវ នៅកន្លែងកើតហេតុសារជាថ្មីម្តងទៀត ដើម្បីប្រមូលរកមូលហេតុឱ្យពិតប្រាកដ។
ករណីឃាតកម្មនេះ ត្រូវបានគេចាត់ទុកថា ជាអំពើរសម្លាប់មនុស្សយ៉ាងឃោឃៅ និងព្រៃផ្សៃបំផុតមួយ ដែលពុំធ្លាប់មាន គឺបានកើតឡើងតាំងពីពាក់កណ្តាលយប់ ថ្ងៃទី៩ សីហា ស្ថិតនៅផ្ទះចម្ការរបស់ជនរងគ្រោះ ស្នាក់នៅធ្វើចម្ការនៅឆ្ងាយពីភូមិ ហើយទើបបានបង្កឱ្យមានការភ្ញាក់ផ្អើលដល់នគរបាល នៅយប់ថ្ងៃទី១១ សីហា។
ការស្លាប់របស់គ្រួសារជនរងគ្រោះអស់មួយគ្រួសារនេះ ជំហ៊ានដំបូង នគរបាលក៏ដូចជាពលរដ្ឋ បានសន្និដ្ឋានថា ជាករណីឧប្បត្តិហេតុភ្លើងឆេះផ្ទះ បណ្តាលឱ្យស្លាប់ជនរងគ្រោះអស់មួយគ្រួសារក្នុងអណ្តាតភ្លើង។ តែក្រោយពីបានចុះទៅពិនិត្យកន្លែងកើតហេតុ និងសាកសួរព័ត៌មានពីពលរដ្ឋ ទើបនគរបាលបានសន្និដ្ឋានថា ករណីនេះជាអំពើរឃាតកម្មវាយសម្លាប់ រួចដុតផ្ទះកម្ទេចសាកសពចោលតែម្តង។ ក្រោយកើតហេតុនគរបាល បានឃាត់ខ្លួនមនុស្ស៤នាក់ យកមកសាកសួរ។








