រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួក ៤នាក់ ត្រូវបាននារីកម្មាការីនីម្នាក់ ស្រែកឆោឡោ និងនាំគ្នាចាប់ខ្លួន ប្រគល់អោយសមត្ថកិច្ច បន្ទាប់ពីធ្វើសកម្មភាពទំលាក់យោង ឆបោកយកប្រាក់និងគ្រឿងអលង្ការអស់ពីខ្លួន ។
ហេតុការណ៍នេះ បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ នៅតាមផ្លូវលំក្នុងភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។
ជនសង្ស័យម្នាក់ដែលបានចាប់ខ្លួនឈ្មោះ ប៊ិ សុខម៉េង ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅផ្ទះជួល តាមផ្លូវរថភ្លើង ភូមិប៉ប្រ៉កជើង សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ និងមានស្រុកកំណើត ភូមិព្នៅ ឃុំព្នៅទី១ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។ រីឯបក្ខពួក៣នាក់ទៀត ប្រុសម្នាក់ ស្រី២នាក់ បានរត់គេចខ្លួនបាត់។ ចំណែកស្រ្តី ដែលចាញ់បោកគេឈ្មោះ អ៊ុល លីដា អាយុ២៧ឆ្នាំ ជាកម្មការីនីរោងចក្រ ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើតនៅភូមិព្រៃដើមថ្នឹង ឃុំព្រៃដើមថ្នឹង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ។
តាមសំដីពីកម្មការិនី ដែលចាញ់បោកគេបានអោយដឹងថា នៅវេលាម៉ោងប្រមាណ៦និង៥០នាទីព្រឹក ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ នាងបានធ្វើដំណើរទៅធ្វើការ នៅផ្សារទួលពង្រ សង្កាត់ចោមចៅ១ ស្រាប់តែមានស្រ្តីម្នាក់ដើរតាមមកសួរថា
មានគេរើសបានកញ្ចប់មាសទេ ដែលគេបានជ្រុះបាត់ ក្នុងនោះមានមាស៨តម្លឹង។ ភ្លាមៗស្រាប់តែមានស្រ្តីម្នាក់ទៀតធ្វើជា មកប្រាប់ថា កុំមាត់ខ្ញុំរើសបាន យើងទុកដូរចែកគ្នា ព្រមទាំងបើកកូនថង់ឲ្យមើល មានលោហៈក្រហមច្រាល។
តាមសំដីពីកម្មការិនីរូបនោះ បានអោយដឹងទៀតថា ខណៈនោះស្រ្តី២នាក់ ក៏បានបបួលនាងជិះម៉ូតូ២គ្រឿង ទៅដូរចែកគ្នា ដែលម៉ូតូទាំង២គ្រឿង សុទ្ធជាបក្សពួក។ នៅពេលធ្វើដំណើររហូតដល់ ផ្លូវលំភូមិ ទ្រុងមាន់ ទើបឈប់ហើយស្រ្តីសង្ស័យ បានលាមាត់ថង់ឲ្យមើលម្តងទៀត និងនិយាយបញ្ចុះបញ្ចូលអោយដោះយកគ្រឿងអលង្ការ ទាមទារប្រាក់ និងយកទូរស័ព្ទ រួច ប្រគល់កញ្ចប់នោះ ហើយក៏បានឡើងជិះម៉ូតូមួយគ្រឿងទៀតចេញ ទៅដោយប្រាប់ថា ចាំនៅទីនេះហើយ ទៅដូរចែកគ្នា ។
តាមប្រភពព័ត៌មានអោយដឹងទៀតថា នៅពេលដែលស្រ្តី២នាក់ព្រមទាំងប្រុសម្នាក់ជិះទៅបាត់ កម្មការិនីរូបនោះ លាកញ្ចប់មើល ឃើញសុទ្ធតែគ្រាប់សំណទើបដឹងខ្លួនចាញ់បោកគេ ក៏បានអោយម៉ូតូមួយគ្រឿង ដែលដឹកមកជិះដេញតាម បានបន្តិច ក៏ប្រាប់ថា ចុះសិនអស់សាំង នាងក៏បានចាប់អារម្មណ៍ ជាបក្សពួក ក៏បានស្រវាចាប់ចង្កេះខោជាប់ ស្រែកឆោឡោ
ផ្អើលពលរដ្ឋ នាំគ្នាចាប់ខ្លួនបានប្រគល់ សមត្ថកិច្ច។
ប្រាក់ និងគ្រឿងអលង្ការ ដែលបាត់បង់ទៅរួមមាន កងដៃមួយឈុត តម្លៃជាង៣០០ដុល្លា, ក្រវិលមាសមួយគូរ, ទូរស័ព្ទដៃសាំសុង១គ្រឿង, លុយ១០០ដុល្លា និងលុយខ្មែរ២ម៉ឺនរៀល។
តាមប្រភពព័ត៌មានអោយដឹងទៀតថា នៅពេលឃាត់ខ្លួន ជនសង្ស័យ ក៏បានសារភាពខ្លួនពិតជាបក្សពួករបស់ជនសង្ស័យ ដែលគេចខ្លួននោះ។ ជនសង្ស័យ ក៏បានសំណូមពរដល់ស្រ្តីរងគ្រោះកុំអោយប្តឹង ចាំទូរស័ព្ទអោយបក្សពួក យកប្រាក់មកប្រគល់អោយវិញ ។ ទោះបីជាយ៉ាងណា សមត្ថកិច្ច ពុំព្រមហើយកសាងសំរឿងចាត់ការតាមច្បាប់៕ ម៉េង ធា











