រាជធានីភ្នំពេញ ៖ ជនដៃដល់២នាក់ប្តីប្រពន្ធ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ច្រាំង ចំរេះទី២ ឃាត់ខ្លួន បន្ទាប់ពីប្រើហឹង្សា ដោយចេតនាមានស្ថានទំងន់ទោស ដោយយកកាំបិតនិងបំពង់ទីប កាប់និងវាយទៅលើ បុរសម្នាក់បណ្តាលអោយ រងបូសធ្ងន់បន្ទាប់ពីមានទំនាស់គ្នា ។
ហេតុការណ៍នេះ បណ្តាលអោយមានការភ្ញាក់ផ្អើលកាលពីវេលា ម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចផ្ទះលេខគ្មាន ក្នុងក្រុម៦ភូមិខ.១ សង្កាត់ច្រាំងចំរេះ ២ ខណ្ឌឬស្សីកែវ ។
ជនដៃដល់ ដែលត្រូវឃាត់ខ្លួនឈ្មោះ ស្លេះ យូសុះ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម ជាប្តី និងឈ្មោះ ទ្បោះ សំរ៉ស់ អាយុ២៧ឆ្នាំ មុខរបរលក់ដូរជាប្រពន្ធ ជនជាតិខ្មែរអ៊ិស្លាមដូចគ្នា មានទីលំនៅក្រុម៨ ភូមិ ក សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ ។ ចំណែក ជនរងគ្រោះឈ្មោះ ទ្បោះ ហ្វាហ្សី ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរអ៊ីស្លាម មានទីលំនៅ នៅកន្លែងកើតហេតុ រងរបួសកនិងក្បាលត្រូវរថយន្តបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត្រ ។
តាមប្រភពព័ត៌មានពីនគរបាល បានអោយដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យ និងជនរងគ្រោះទំនាស់ពាក្យសំដីគ្នា ទោះបីជាយ៉ាងណា គេពុំដឹងថាផ្តើមចេញពីរឿងអ្វីពិតប្រាកដឡើយ ។ ខណៈនោះជនដៃដល់ជាប្តី ក៏បានទាញកាំបិត ប៉័ងតោ កាប់ទៅលើគូទំនាស់ ហើយស្រ្តីជាប្រពន្ធ ក៏បានប្រើបំពង់ទីបវាយទៅលើជនរងគ្រោះបណ្តាលអោយរងរបួសធ្ងន់ ។
តាមប្រភពព័ត៌មានអោយដឹងទៀតថា នៅក្នុងការប្រើហឹង្សាបង្កអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយជនដៃដល់ ក៏បានយកកាំបិត ចាប់អាករ ជនរងគ្រោះ យ៉ាងសហាវជាទីបំផុត ។
បន្ទាប់ពីបង្កហឹង្សា ជនដៃដល់ទាំង២នាក់ត្រូវបាននគរបលឃាត់ខ្លួន ។ ចំណែកជនរងគ្រោះ ត្រូវបានរថយន្តបញ្ជូនទៅកាន់ មន្ទីរពេទ្យកាល់ម៉ែត ដើម្បីសង្គ្រោះ៕ ម៉េង ធា











