ខេត្ដកំពត ៖ រថយន្តដឹកប្រេងមួយគ្រឿង ត្រូវបានព្រះអគ្គីលេបត្របាក់អស់ នៅសល់តែគ្រោងឆ្អឹង។ ហេតុការឆេះរថយន្តដឹកប្រេង ដែលមានផ្សែងខ្មួលខ្មាញ់ហ៊ុយកប់ពពកនោះ បានកើតឡើងនៅវេលាម៉ោង18 និង30នាទី ថ្ងៃទី18 តុលា នៅលើផ្លូវក្រាលគ្រោះក្រហមមួយខ្សែ ក្នុងភូមិសុភី ឃុំស្រែជាខាងជើង ស្រុកដងទង់ ខេត្តកំពត។
តាមការរៀបរាប់អោយដឹង ពីប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុនិយាយថា រថយន្តគោរ៉េពណ៍ស ចំណុះ1តោនកន្លះ ដឹកប្រេងមកពីលិច ទៅកើត ប៉ុន្តែមកដល់ត្រង់ចំណុចខាងលើ ស្រាប់តែឃើញរថយន្តដឹកប្រេងនោះ ឆេះសន្ធោសន្ធៅ អំណាចការឆេះរថយន្តនោះក៍មានប្រេងចំនួន20កាននៅលើរថយន្តនោះផង។ ពលរដ្ឋរូបនោះនិយាយថា ជនរងគ្រោះជាអ្នកបើកបរ ឈ្មោះ ឃុន វាសនា ភេទប្រុស អាយុ17ឆ្នំា ជាអ្នកសុីឈ្នួលបើករថយន្តដឹកប្រេង អោយឈ្មោះ ជិន ធីឡាង ដែលមានស្ថានីយ៍លក់ប្រេងនៅទីរួមស្រុកដងទង់។ អ្នកបើកបររូបនេះមានគំនិតខ្លី ឃើញរថយន្តខ្លួនបើកឆេះ ប៉ុនប៉ងរត់ចូលរថយន្តកំពង់ឆេះ ដោយសាតែខ្លាចចៅកែអោយសង។ ទោះជាការប៉ុនប៉ងសម្លាប់ខ្លួនបែបណានោះ គឺមិនបានសំរេចទេ ព្រោះមានពលរដ្ឋជួយចាប់ និងអង្វរអោយជនរងគ្រោះស្ងប់ចិត្ត បានត្រឹមតែរងរបួស។
នគរបាលបាននិយាយថា រថយន្តឆេះឆបដឹកប្រេងមួយគ្រឿងនេះ មកពីឆ្លងចរន្តខ្សែអាគុយ ទើបបណ្ដាលអោយឆេះនៅសល់តែគ្រោងឆ្អឹងបែបនេះ៕ កែវ ឆាត







