ខេត្តពោធិ៍សាត់ ៖ កម្លាំងមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថស្រុកភ្នំក្រវាញ ចុះអនុវត្តន៍ដីកាបញ្ជាឲ្យចូលខ្លួនរបស់លោកព្រះរាជអាជ្ញារងសាលាដំបូងខេត្តពោធិ៍សាត់ ក្នុងនោះកម្លាំងបានឃាត់ខ្លួនស្រ្តីម្នាក់ រុញបញ្ចូលរថយន្ត រួចដឹកចេញទៅបាត់។
ប្រតិបត្តិការខាងលើធ្វើឡើង នៅវេលាម៉ោង១០ និង៣៥នាទី ព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ ត្រង់ចំណុចក្នុងផ្សារស្រុកភ្នំក្រវាញ ស្ថិតក្នុងភូមិពេជ្របាន ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានពីកម្លាំងចុះប្រតិបត្តិការខាងលើ បានឲ្យដឹងថា ស្រ្តីដែលត្រូវបានចាប់ក្រៀកឡើងរថយន្ត មានឈ្មោះ ខៀវ សាវឿន អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិពេជ្របាន ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ការចាប់ឃាត់ខ្លួនស្រ្តីរូបនេះ គឺអនុវត្តន៍តាមដីកាបញ្ជាឲ្យចូលខ្លួន លេខ ១៨៧ អ.យ ២០១៨ ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ ចេញដោយលោក ឆាយ ហុង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តពោធិ៍សាត់ ដោយចោទពីបទ ហឹង្សាទៅលើនាក់កាន់កាប់អចលនៈវត្ថុ ដែលបានប្រព្រិត្តនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិពេជ្របាន ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
ប្រភពខាងលើបន្តទៀតថា ស្រ្តីសង្ស័យត្រូវបានកម្លាំងឃាត់ខ្លួននាំយកមកបន្តនីតិវិធី នៅសាលាដំបូងខេត្តពោធិ៍សាត់ ហើយរហូតមកដល់រសៀលថ្ងៃដដែលនេះ តុលាកានៅបន្តការសួរនាំនៅឡើយ៕







