សៀមរាប ៖ ចាងហ្វាងកាសែតទំនើងម្នាក់ ត្រូវបាននគរបាលស្រុកស្វាយលើ ចាប់ខ្លួនក្នុងករណីដកកាំភ្លើងភ្ជង់ និងបាញ់គំរាមជនរងគ្រោះម្នាក់ជាអ្នកបើកបររថយន្តដឹកទំនិញ។
ការចាប់ខ្លួនលោកចាងហ្វាងខាងលើ ធ្វើឡើងនៅថ្ងៃទី10 ខែកក្កដា ឆ្នាំ2018 នៅក្នុងភូមិសាស្រ្តស្រុកស្វាយលើ ខេត្តសៀមរាប បន្ទាប់ជននេះបាញ់គំរាមជនរងគ្រោះ ប៉ុន្មាននាទីក្រោយ។
យោងតាមរបាយការណ៍នគរបាលស្រុកស្វាយលើបានអោយដឹងថា ជនរងគ្រោះឈ្មោះមីុ ស៊ូ ភេទប្រុស អាយុ40ឆ្នាំ មុខរបរ យោធា មានទីលំនៅភូមិដំណាក់ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។ ចំណែកជនសង្ស័យឈ្មោះ ឆោម សីុថា ភេទប្រុស អាយុឆ្នាំ55 មុខរបរចាងហ្វាងកាសែត មានទីលំនៅភូមិបាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌ័សែនសុខ រាជធានីភ្នំពេញ មុនចាប់ខ្លួនស្នាក់នៅសាខាស្នាក់ការកាសែត នៅភូមិទឹកលិច ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប។
សមត្ថកិច្ចអោយដឹងទៀតថា អង្គហេតុនៃរឿង នៅវេលាម៉ោង11,00នាទី ថ្ងៃទី10 ខែកក្កដា ឆ្នាំ2018 ជនរងគ្រោះ បានបើកឡានដឹកឥវ៉ាន់ ពីខេត្តព្រះវិហារមកខេត្តសៀមរាប លុះដល់វេលាម៉ោង០៣សៀល ថ្ងៃដដែល ក្រោយដាក់ឥវ៉ាន់រួច ក៏ត្រឡប់មកខេត្តព្រះវិហារវិញ។ លុះពេលបើកដល់ខាងជើងផ្សារស្វាយលើថ្មី ស្រុកស្វាយលើ ស្រាប់តែជនសង្ស័យខាងលើ បានបើកឡានម៉ាកកាម៉ារី សេរីឆ្នាំ2000 ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 2AM1240 តាមពីក្រោយជនរងគ្រោះ ពេលបើក ដល់ចំនុចខាងកើតស្នាក់ការបរិស្ថានក្បាលប្រើស ឡានជនសង្ស័យ បានឡើងវ៉ាឡានជនរងគ្រោះឡើងទន្ទឹមគ្នា រួចក៏ចុចក ញ្ចក់ឡានយកកាំភ្លើងខ្លីមកភ្ជង់ ជនរងគ្រោះរួចស្រែកជេរថា អាហែងឈ្លើយឆាប់ឈប់ឡានភ្លាម។ ប្រភពបន្តថា ដោយជនរងគ្រោះមិនមានរឿងអី ហើយភ័យ ក៏បន្ថែមល្បឿនយ៉ាងលឿន ជនសង្សយ័ក៏បន្ថែមល្បឿនដូចគ្នា បន្ទាប់មក ក៏បានយកកាំភ្លើងបាញ់គំរាមទៅលើជនរងគ្រោះចំនួនមួយគ្រាប់។ ពេលនោះជនរងគ្រោះបានបើកឡានបន្តមិនហ៊ានឈប់ ហើយជនសង្ស័យ ក៏នៅតែបើកតាមបន្តទៀត លុះបើកដល់ចំនុចការដ្ឋានកិនថ្ម ក្បែរអង់តែនទូរស័ព្ទភ្នំក្បាលប្រើស ភូមិអង្កាញ់ ឃុំស្វាយលើ ជនសង្ស័យ បានវ៉ាទៅមុនហើយឈប់ឡានពាំងពីមុខឡានជនរងគ្រោះ ពេលបើកទ្វាឡានចុះមក ដោយដៃនៅមានកាន់កាំភ្លើងខ្លី ទើបជនរងគ្រោះស្គាល់ឈ្មោះ ឆោម សីុថា ជាអ្នកាសែតធ្លាប់ទារប្រាក់អ្នកដឹកឈើតាមផ្លូវ។ ឃើញដូចនេះជនរងគ្រោះបានបន្ថែមល្បឿនទៅមុខទៀត ស្របពេលនោះ ជនសង្ស័យបានស្រែកថាអាហែងឈប់ភ្លាម ជនរងគ្រោះមិនឈប់ ទើបជនសង្សយ័បានបាញ់គំរាមមួយគ្រាប់ទៀត ធ្វើអោយជនរងគ្រោះភ័យ ក៏បើកឡានយ៉ាងលឿន ចេញពីទីនោះ។
ក្រោយពេលទទួលបានព័ត៌មាន សមត្ថកិច្ច បានទៅដល់កន្លែងកើតហេតុធ្វើការពិនិត្យ និងចាប់យកសំបកគ្រាប់ ប្រភេទអាវុធខ្លីចំនួនមួយសំបកគ្រាប់មករក្សាទុក ។
បន្ទាប់មកទៀត ដោយមានការរាយការណ៍ពីជនរងគ្រោះទៅសមត្ថកិច្ច និងព្រះរាជអាជ្ញាខេត្តព្រះវិហារ ហើយបាន បានដាក់ ពាក្យបណ្តឹងនៅអធិការនគរបាលស្រុកស្វាយលើ ទើបកំលាំងនគរបាល សហការណ៍ជាមួយ កំលាំងកងរាជអាវុធហត្ថ ស្រុក កម្លាំងសឹករងស្រុក និងបានការអនុញ្ញាតពីលោក កើត វណ្ណរ៉េត ព្រៈរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាបផង ទើបឃាត់ខ្លួនជនសង្សយ័ខាងលើដើម្បីសាកសួរនិងបន្តនីតិវិធី៕ ជា ស្រស់











