ខេត្ដសៀមរាប ៖ កម្លាំងនគរបាលស្រុកពួក ខេត្តសៀមរាប បានចាប់ខ្លួនជនជាតិចិនចំនួន០៣នាក់ ពាកព័ន្ធករណីប្លន់ជនរងគ្រោះ ជាអ្នកលក់មាសនៅផ្សារលើធំថ្មី ក្រុងសៀមរាប។
លោកវរសេនីយ៍ឯក ទេព ពុំសែន អធិការនគរបាលស្រុកពួក ខេត្តសៀមរាប បានឲ្យដឹងថា កាលពីវេលាម៉ោង 19និង20នាទី ថ្ងៃទី14 ខែសីហា នៅចំណុចមុខផ្ទះជនរងគ្រោះ ក្នុងភូុមិអូរតាប្រាក់ ឃុំពួក ស្រុកពួក ខេត្តសៀមរាប ខណៈដែលពួកគាត់ចេញពីប្រកបរបរប្តូរលុយ និងវេរលុយ ក្នុងក្រុងសៀមរាប ត្រឡប់មកផ្ទះវិញ (ភូមិឃុំកើតហេតុ) ស្រាប់តែឃើញមានក្រុមជនសង្ស័យ មិនស្គាល់មុខ៣នាក់ មានពាក់ម៉ាស់ បិទមុខជិត ភេទប្រុស អាយុប្រហែល៣០ឆ្នាំជាង មាឌធំខ្ពស់ ស្លៀកពាក់សុីវិល មិនច្បាស់ភិនភាគ បានដើរចេញពីដុបព្រៃ ផ្នែកខាងកើត អែបផ្លូវនោះ សំដៅមកឡានគាត់ ភ្លាមនោះមានម្នាក់ ស្ទុះមកវាយលើគាត់ដោយវត្ថុរឹងចំក្បាល បណ្តាលអោយគាត់រងរបួស តែគេមិនបាននិយាយអ្វីទេ ហើយគាត់លើកដៃប្រវ៉ាយទៅមនុស្សនោះវិញ និងបានស្រែករកអ្នកជិតខាងជួយ ចំណែកគ្នាគេម្នាក់នាក់ទៀត បានវាយបំបែកកញ្ចក់ឡាន បែកផ្នែកខាងស្តាំ បំណងរកទ្រព្យសម្បត្តិមានតំលៃ។ លោកបន្ដថា ដោយជនរងគ្រោះស្រែកខ្លាំងផ្អើលអ្នកជិតខាង ក្រុមជនសង្ស័យទាំងនោះបានរត់គេចខ្លួន ទៅទិសខាងកើតឆ្លងស្ទឹងបាត់។
លោកអធិការបន្តថា «ក្រោយទទួលបានសេចក្តីរាយការណ៍ កម្លាំងសមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ ត្រួតពិនិត្យឃើញឡានរបស់ជនរងគ្រោះ មានបែកកញ្ចក់ខាងស្តាំ និងឃើញមានវត្ថុតាង; គ្រាប់កាំភ្លើង១គ្រាប់, បង់កាំភ្លើង១ មាន៨គ្រាប់ នៅដីជិតរបងផ្ទះជនរងគ្រោះ និងដំបងទីបដែក១មូល ប្រវែង៧៩ស.ម នៅចំរ៉ាក់មាត់ស្ទឹងខាងកើត កន្លែងកើតហេតុ។ បន្ទាប់មកកម្លាំងសមត្ថកិច្ច ទាំងនគរបាល និងអាវុធហត្ថ ធ្វើការរុករកតាមក្រុមជនសង្ស័យក្នុងមូលដ្ឋាននោះ យើញឃើញមានគ្រាប់កាំភ្លើង១គ្រាប់ទៀត នៅផ្លូវបេតុងក្នុងភូមិប្រយុទ្ធ ឃុំ,ស្រុកពួក ដែលនៅទិសខាងកើតកន្លែងកើតហេតុ ប្រហែល១៥០ម៉ែត្រ បន្ទាប់មកក៏រកឃើញមានឡាន១គ្រឿង ម៉ាកស្តារិច សេរីឆ្នាំ២០០៤ ពណ៌ទឹកប្រាក់ គ្មានស្លាកលេខ ក្នុងឡាននោះមានដាក់ម៉ូតូ១គ្រឿងទៀត ហុងដាឌ្រីម ពណ៌ខ្មៅ គ្មានស្លាកលេខ សេរីឆ្នាំ២០១៦ ទុកចោលនៅមុខខ្លោងទ្វារសាលាបឋមសិក្សាទៀបាញ់គំរូ ភូូមិប្រយុទ្ធ ឃុំស្រុកពួក ចាក់សោរជាប់ ក៏ស្ទូចយកមករក្សាទុកនៅអធិការដ្ឋានពួក។ យើងបន្តតាមរកជនសង្ស័យបន្តទៀត»។
លុះដល់ម៉ោង០៤ទៀបភ្លឺ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ ទើបកំលាំងសមត្ថកិច្ច ឃាត់បានជនសង្ស័យចំនួន៣នាក់ ជាជនជាតិចិន។ លោកទេព ពុំសែន បន្តថា បន្ទាប់ពីចាប់ឃាត់ខ្លួន កម្លាំងនគរបាលស្រុកពួក បានសហការជាមួយកម្លាំងផែនអន្តោប្រវេសន៍ការិល័យកណ្តាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីចាត់វិធានការបន្តតាមនីតិវិធី ៕ ជា ស្រស់











