ខេត្ដព្រះសីហនុ ៖ នគរបាលអន្តោប្រវេសន៍ របស់នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបើកប្រតិបត្តិការ ឃាត់ខ្លួនបុរសជនជាតិអាមេរិកកាំងម្នាក់ នៅខេត្តព្រះសីហនុ ពាក់ព័ន្ធករណីចាប់រំលោភក្មេងស្រីជាអនីតិជន (មិនគ្រប់អាយុ) ប្រព្រឹត្តឡើង នៅសហរដ្ឋអាមេរិក។

ឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន ឱ្យដឹងនៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨នេះថា ប្រតិបត្តិការនេះ បានប្រព្រឹត្តឡើងនាថ្ងៃទី២៩ ខែសីហា ម្សិលមិញ នាវេលាម៉ោង៨៖៣០នាទីយប់ ដោយមានការសម្របសម្រួលពីសំណាកលោកស្រី ចាត សូរស្មី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង ខេត្តព្រះសីហនុ។
ឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា បានបន្តថា បុរសជនជាតិអាមេរិក ដែលកម្លាំងជំនាញរបស់លោកឃាត់ខ្លួនមានឈ្មោះ William David Brenner កើតថ្ងៃទី២១ ខែធ្នូ ឆ្នាំ១៩៥៥ នៅចំណុចក្បែររង្វង់មូលតោពីរ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ តាមដីកាស្វែងរកចាប់ខ្លួនរបស់សហរដ្ឋអាមេរិក ពីបទរំលោភផ្លូវភេទលើកុមារ (នៅសហរដ្ឋអាមេរិក)។

ឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា បានបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះ មានការសហការជាមួយការិយាល័យសន្តិសុខ តំបន់របស់សហរដ្ឋអាមេរិក (RSO) Regional Security office ប្រចាំស្ថានទូតអាមេរិក និងបានបញ្ជូនជនសង្ស័យទាំងយប់ មកកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រៀមបណ្តេញចេញពីប្រទេសកម្ពុជា ទៅសហរដ្ឋអាមេរិកវិញផងដែរ៕








