ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃអង្គារនេះ បានទទួលជួបលោកស្រី MIYAHARA Ai ជាអនុប្រធានអង្គការ JICA ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីជជែកពីក្នុងការអភិវឌ្ឍវិស័យកសិកម្មដែលកំពុងអនុវត្ត។
លោកស្រី បានថ្លែងថា JICA កំពុងអនុវត្តគម្រោងចំនួន៣ សម្រាប់ជំរុញលើកកម្ពស់វិស័យកសិកម្មនៅកម្ពុជា។ ក្នុងនោះគឺទី១ គម្រោងស្តីពី “ការផលិតពូជស្រូវ” ដែលសហការអនុវត្តដោយអគ្គនាយកដ្ឋានកសិកម្ម គម្រោងទី២ ៖ “ការប្រើប្រាស់ និងការគ្រប់គ្រងថ្នាំសម្លាប់សត្វល្អិត” និងគម្រោងទី៣ “ការការពារ និងអភិរក្សបរិស្ថាន” ដែលសហការអនុវត្តជា មួយក្រសួងបរិស្ថាន និងរដ្ឋបាលព្រៃឈើ។
ឯកឧត្តមរដ្ឋមន្ត្រីកសិកម្ម អរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន តាមរយ:អង្គការ JICA ដែលបានជួយកសាង និងអភិវឌ្ឍកម្ពុជារហូតមកទល់បច្ចុប្បន្ន។ ក្នុងនោះមានហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដែលជួយដល់ការទ្រទ្រង់ខឿនសេដ្ឋកិច្ចជាតិ ហើយជាពិសេសនោះគឺវិស័យកសិកម្មផងដែរមានជាអាទិ៍៖
ការជួយរៀបចំប្រព័ន្ធព័ត៌មាន និងយុទ្ធសាស្រ្តទីផ្សារ ការបង្កើនការងារផ្សព្វ ផ្សាយបច្ចេកទេសដល់អ្នកផលិត ឬសហគមន៍ បច្ចេកទេសក្រោយពេលប្រមូលផល ការគ្រប់គ្រងគុណភាពលើប្រព័ន្ធខ្សែច្រវាក់តម្លៃបន្ថែម ប្រព័ន្ធទីផ្សារបោះ ឬលក់ដុំ ជាពិសេសសមត្ថភាពមន្ទីរពិសោធន៍ មន្ទីរពិសោធន៍គុណភាព និងសុវត្ថិភាពបន្លែ ។
ថ្មីៗនេះចៃកា ជួយសហការជាមួយក្រុម ហ៊ុន Yamato Green ចុះ MOU ជាមួយក្រសួងដើម្បីជួយជំរុញផលិតកម្មបន្លែសុវត្ថិភាពនៅកម្ពុជា។
លោកបានបញ្ជាក់ថាទាំងអស់នេះ វាបាននឹងកំពុងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យកសិកម្មកម្ពុជាឲ្យមានការរីកចម្រើន ធានាបាននូវសន្តិសុខស្បៀង កែប្រែកម្រិតជីវភាព បង្កើនបរិមាណផលិត ក្នុងនោះមានវារីវប្បកម្ម សាកវប្បកម្ម ការចិញ្ចឹមសត្វ និងដំណាំស្រូវ។
លើសពីនេះ វិស័យកសិកម្មកំពុងតែពង្រីកសក្តានុពលផលិតតាមរយ:ការធ្វើទំនើបកម្មកសិកម្ម ដោយបច្ចូលនូវបច្ចេកវិទ្យាសមស្រប ធននឹងការប្រែប្រួលអាកាស ធាតុ បរិយាប័ន្ន និងនវានុវត្តន៍ សំដៅឈានទៅសម្រេចឲ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនាឆ្នាំ២០៣០ និង ២០៥០ និងជាពិសេសឈានជាជំហានៗ ឆ្ពោះទៅជាប្រទេសនាំចេញកសិផលទៅកាន់ទីផ្សារអន្តរជាតិ៕
វណ្ណា
ប្រភពពីក្រសួងកសិកម្ម